ពង្សាវតារសម្ដេចវាំងជួន បានត្រឹមតែបញ្ជាក់ថាស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ បានកោះហៅហោរាឲ្យទស្សន៍ ទាយ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាច នឹងមកដណ្ដើមរាជ្យព្រះអង្គឬទេ? ក្រោយដែលបានគន់គូរ គូសវាសយ៉ាងល្អិត ល្អន់មក ហោរាបានទាយទូលថ្វាយព្រះមហាក្សត្រថា «អ្នកមានបុណ្យ
បានកើតក្នុងត្រកូលក្សត្រហើយ។ ឥឡូវនេះអ្នកមានបុណ្យអាយុបាន ៧ឆ្នាំ ហើយបន្លំខ្លួនរស់នៅធ្វើជារាស្រ្ដសាមញ្ញធម្មតា នៅតំបន់មួយឆ្ងាយអំពីមហានគរ។ អ្នកមានបុណ្យនេះ អាចនឹងមកដណ្ដើមយកព្រះរាជ បល្លង្គ អ្នកមានបុណ្យនេះមាន សញ្ញាកងចក្រប្រចាំខ្លួននៅលើបាទដៃ និងបាទជើងជសញ្ញាសំគាល់។គ្រាន់តែបានលឺហោរាទស្សន៍ទាយដូច្នេះ ស្ដេចព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កើតមានក្ដីភ័យព្រួយបារម្ភ រន្ធត់ក្នុងឱរា ខ្លាចរបូតបាត់រាជ សម្បត្ដិពីដៃ ព្រះអង្គក៏ចាត់ចែងចេញបញ្ជាឲ្យអស់នាម៉ឺនមុខមន្ដ្រី ពលសេនាបរិវារទាំងឡាយ ធ្វើការស៊ើបអង្គេតគ្រប់ច្រកល្ហក ដើម្បីរុករក អ្នកមានបុណ្យ តែគ្មាននរណាមួយអាចដឹងបានថា តើអ្នកមានបុណ្យ នៅទីណាឡើយ។ ស្ដេចពញក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ ម្ដងនេះបង្គាប់បញ្ជាឲ្យកេណ្ឌប្រមូលបង្ខំ យកក្មេងក្មាងទាំងអស់ ពីគ្រប់ទិសទីខេត្ដខ័ណ្ឌក្នុងព្រះនគរ ដែលមានអាយុ ៧ឆ្នាំ មកធ្វើការ ពិសោធន៍ សាកល្បងដាក់បាទដៃបាទជើង លើម្សៅដែលគេដាក់ទុកក្នុងចង្អេរ។ ក្មែងណា ដែលគ្មានបញ្ចេញស្នាមកងចក្រលើចង្អេរម្សៅទេ ក្មេងនោះត្រូវរួចខ្លួន ហើយគេដោះលែងឲ្យមានសេរីភាពត្រលប់ទៅផ្ទះសំបែងវិញ។ ដូចដែលយើងរៀបរាប់នៅផ្នែកដើម ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី១៦ មានមហេសីមួយឈ្មោះអ្នកម្នាងកែវ ព្រះនាងទ្រង់មាន គភ៌នៅក្នុងឆ្នាំជូត ព.ស.១៥៤៤ ដែលត្រូវជា គ.ស.១០០០ គឺនៅក្នុងសម័យកាលដែលដំបងគ្រញូង បានបះបោរ លើកកងទ័ពមកវាយប្រហារ ដណ្ដើមយករាជ្យ។ ក្នុងឱកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេចភៀសខ្លួន ចេញផុតពីមហានគរ ទៅរស់នៅ តាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។ ព្រះនាងបានតាយាយពីរនាក់ប្ដីប្រពន្ធ តាគហេ យាយលក្ខណ៍ ទទួលយកទៅចិញ្ចឹមបីបាច់ថែ រក្សា ជួយលាក់បំពួនបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្ដេចដំបងគ្រញូង។ ខែមាឃ ឆ្នាំឆ្លូវ ព.ស.១៥៤៥ ត្រូវជា ម.ស.៩២៣ ច.ស.៣៦៣ និង គ.ស១០០១ ព្រះនាងប្រសូត្របានបុត្រមួយព្រះអង្គ មានសំបុរភ្លឺស្រស់បំព្រង ហើយមានសញ្ញាកងចក្រលើបាទដៃ និងបាទជើងដែល បញ្ជាក់លក្ខណ៍ជាអ្នកមានបុណ្យ។តាគហេយាយលក្ខណ៍ បានស្រលាញ់ថ្នាក់ថ្នមទំនុកបំរុងព្រះនាងកែវ និង ទារកដូចជាកូន និង ចៅបង្កើត សម័យថ្ងៃមួយ ប្ដីប្រពន្ធតាគហេ យាយលក្ខណ៍ និង ព្រះនាងកែវបាននាំព្រះរាជបុត្រទៅច្រូតស្រូវជាមួយ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់ឲ្យផ្ទុំក្រោមម្លប់ ឈើ។ ដោយរវល់ជាប់ជក់ នឹង ការងារពេកម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៍ដល់ទារកដែលកំពុងតែត្រូវស្ថិតនៅ ក្រោមកំដៅកាំរស្មីព្រះ អាទិត្យឡើយ។ ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យ ដែលគេមិនធ្លាប់ឃើញ ហើយដែលមិនធ្លាប់កើតមាននោះ បានកើតឡើង «គឺទេពឥន្រ្ទី និង បក្សាបក្សីជាច្រើន ទាំងហ្វូងបានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារកមិនឲ្យត្រូវកំដៅថ្ងៃ។ តាគហេឃើញដូច្នេះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿន ស្លេវទៅដេញបង្អើលហ្វូងសត្វបក្សាបក្សី ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថ្នាក់ ឬមានរបួសស្លាស្នាម តែគាត់មើលមិនឃើញមានអ្វី ដែលជាការគួរឲ្យភ័យព្រួយបារម្ភឡើយ។ ផ្ទុយទៅវិញទា រកហាក់បីដូចជាបានទទួលនូវសេចក្ដីសុខ និងការ ថ្នាក់ថ្នមឥតហ្មងពីហ្វូងបបក្សាបក្សី។ ហេតុដ៏សែនអស្ចារ្យនេះបានបណ្ដាលឲ្យព្រះនាងកែវ តាគហេ និងយាយលក្ខណ៍ដាក់ឈ្មោះទារកនោះថា បក្សីចាំក្រុង។ តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូង លើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថាន តំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មកព្រះ នាងប្រសូតបានបុត្រមួយព្រះអង្គ។ តែគេមិនបាស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី ព្រះមហេសីទ្រង់គភ៌បាន១០ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កោះហៅហោរាឲ្យមក ទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រការណាមួយឡើយទេ។ ព្រះរាជបុត្រ អង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថាពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព។ ស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ កាលបើបានព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់កំនើតបាន ១០ ខែ ក្នុងត្រកូល ក្សត្រហើយ ក៏ចេញបញ្ជាឲ្យនាម៉ឺនពលទ័ពសេនាគ្រប់ទិសទី ចាប់ប្រមូលស្រ្ដីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ខែ យកទៅប្រហា ជីវិតកុំឲ្យមានសល់។ ពេជ្ឈឃាតត្រូវកាប់ស្ដ្រីទាំងនោះជាបីកង់ គឺត្រង់ ក និង ពោះ។ អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួនរស់នៅក្នុងស្រុកស្ទោង មិនបានគេចផុតពីគ្រោះកំណាចនោះទេ។ ព្រះនាងត្រូវស្ដេចចាម សេន្រ្ទា ជាស្ដេចចាមចំណុះខ្មែរ តាំងតែពីសម័យរាជ្យព្រះថោងនាងនាគ ឬ ស្ដេចកុម៉ែរាជ្យ ព្រះមហា ក្សត្រខ្មែរទី១ នៅស្រុកស្ទោងចាប់យក ទៅថ្វាយព្រះរាជា ព្រះសន្ធពអនុរាជក៏បង្គាប់ឲ្យក្រុមពេជ្ឃឃាតស្ដេចចាម យកទៅប្រហារជីវិតដោយគ្មាស្រណោះប្រោសប្រណី។ កន្លែង ពិឃាតអ្នកម្នាងទេពស្ថិតនៅខាងត្បូង កំពង់ព្រះជិន(១) ហើយ នៅខាងលិចវាំងស្ដេចចាមសេន្រ្ទា។ នៅពេលដែលពួកពេជ្ឃឃាតកាប់ប្រហារ ត្រង់ពោះព្រះនាងទេព ទារកនោះរត់ឡើងទៅនៅទ្រូងម្ដាយ ហើយដល់ពួកពេជ្ឈឃាតចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេល នោះហើយដែលទេពឥន្រ្ទី និងហ្វូងបក្សាបក្សីជាច្រើនបានហោះកុះករ កកកុំចុះមករោមក្រុងការពារព័ទ្ធជុំវិញ។ សត្វខ្លះទៀតត្រដាងស្លាបដាក់ ក្រោមទារកការពារកុំឲ្យប៉ះប្រលាក់នឹងដី។ តាគហេដែលឃ្វាលគោនៅជិតនោះ ឃើញហ្វូងសត្វបក្សាបក្សីជាច្រើនហោះក្រវែលក្រលឹងចុះ ក្រលឹងឡើង ឆ្វាត់ឆ្វែលច្រើនពេកក្នុងមេឃ កើតក្ដីឆ្ងល់សង្ស័យ ហើយក៏ដើរតំរង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រើត នឹកគិតទៅ អស្ចារ្យខ្លាំងពេក កាលបើឃើញទារកមួយ ត្រូវបានហ្វូងបក្សាបក្សីចោមរោម ក្រុងការពារ គាត់ក៏លើកបីទារកយកមកចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមយ៉ាងប្រុងប្រយ័ត្ន និងស្រលាញ់ជាទីបំផុត តាគហេបានដាក់ឈ្មោះ បក្សីចាំក្រុង ឲ្យទារកនោះជាប់រៀងរហូតមក។ យូរឆ្នាំកន្លងមក ស្ដេចពញាក្រែក ឬ ព្រហ្មកិល សុបិនឃើញសត្វគ្រុឌហោះចេញពីទិសខាងត្បូង មកខ្វះយកភ្នែកព្រះអង្គទាំងគូ ព្រះអង្គ ភ័យរន្ធត់ញាប់ញ័រ ព្រួយបារម្ភយ៉ាងខ្លាំង ហើយកោះហៅហោរា បង្គាប់ឲ្យទស្សន៍ទាយមើលជតារាសី ហោរាទាយថា «អ្នកមានបុណ្យ នឹង យាងមកយករាជបល្ល័ង្គ ឥឡូវនេះអ្នកមានបុណ្យអាយុបាន ៧ឆ្នាំហើយ ហើយមានសញ្ញាកងចក្រលើបាទដៃ និង បាតជើង រូបកងចក្រនេះ បើមើលនឹងភ្នែក មើលមិនឃើញលុះត្រាតែយកបាទដៃបាទជើងទៅដាក់លើម្សៅ ដូច្នេះហើយទើបបានជាព្រះមហាក្សត្របង្គាប់បញ្ជាឲ្យ នាម៉ឺនពលរេហ៍កេណ្ឌកៀរ ក្មេងអាយុ ៧ឆ្នាំ ពីគ្រប់ទិសទីតំបន់ក្នុងនគរ យកមកពិសោធន៍ដាក់បាទដៃបាតជើងលើចង្អេរម្សៅ។ តាគហេត្រូវនាំបក្សីចាំក្រុង ទៅមហានគរធ្វើការពិសោធន៍នឹងគេដែរ បក្សីចាំក្រុងដាក់ដៃដាក់ជើទៅលើម្សៅ ហើយដកមកវិញកាលណា ស្រាប់តែរូបកងចក្រដាមដិតជាប់ក្រឡៅ ធ្វើឲ្យមនុស្សម្នានាម៉ឺនពលរេហ៍ទាំងឡាយភ្ញាក់ផ្អើលឆោឡោ ឈូឆរ ច្របូកច្របល់ទ្រហឹងអឹងកង។ មើលឃើញមិនស្រួល យល់ថាស្ថានការណ៍មិនល្អ អាចនាំមកនូវគ្រោះថ្នាក់ តាគហេក៏ចាប់កញ្ឆក់ដៃ លើកបក្សីចាំក្រុងដាក់អៀវលើករត់ យ៉ាងលឿន ហើយគេចខ្លួនយ៉ាងរហ័ស ចេញផុតពីទីប្រជុំជនដែលមានមនុស្សអ៊ូអរ។ គ្រានោះមានសត្វម្រឹគី្គម្រឹគាបក្សាបក្សីទាំងហ្វូងៗ រត់ ស្រុះស្រដង្ហែអមតាមផ្លូវ ចាំការពារបក្សីចាំក្រុងពីក្រោយ។ ព្រះមហាក្សត្រព្រះសន្ធពអនុរាជ ឬ ស្ដេចព្រហ្មកិល គ្រាន់តែបានទទួលដំណឹងដឹង អស់គ្រប់ហេតុការណ៍ច្បាស់លាស់ភ្លាមកាលណា ក៏បញ្ជាឲ្យកងទ័ពដេញតាមចាប់បក្សីចាំក្រុង និង តាគហេ។តាគហេអៀវបក្សីបណ្ដើររត់បណ្ដើរ ងាកឆ្វេងស្ដាំមើលក្រោយបណ្ដើរ គាត់ភ័យតក្កមា នៅពេលដែលងាកមើលទៅឃើញទ័ពស្ដេចដេញតាមប្រកិតពីក្រោយ។ រត់ចូលទៅដល់ព្រៃមួយ គាត់យកបក្សីចាំក្រុងទៅដាក់លាក់ ហើយមានប្រសាសន៍ថា «បាពួននៅឲ្យស្ងៀមកុំមាត់កអ្វីទាំងអស់!» បន្ទាប់មកគាត់ចេញទៅស៊ើបលបលួចមើលចលនាទ័ពស្ដេច ហេតុតែបក្សីចាំក្រុង ជាអ្នកមានបុណ្យបារមី ទ័ពពញាក្រែកដេញតាមមិនទាន់ រកមិនឃើញឡើយ ហើយចេះតែទៅផុតមកផុត ដើរហួសទៅហួសមក។ កាលបើស្ថានភាពបានធូរស្រាលបន្ដិចហើយ តាគហេលើកបក្សីចាំក្រុងដាក់លើ ក ហើយអៀវរត់កាត់វាលចូលព្រៃតូច ចូលព្រៃធំមានព្រៃក្រាស់មានព្រៃស្ដើង វិលត្រលប់តំរង់ទៅគេហដ្ឋានវិញ។ មកដល់ជិតផ្ទះ តាគហេយកបក្សីចាំក្រុង ទៅលាក់ក្នុងគម្ពោតព្រៃដោយពោលថា «បារង់ចាំនៅទីនេះសិនហើយ!»។ គាត់បានរៀបរាប់គ្រប់ហេតុការណ៍ពីដើមដល់ចប់ ប្រាប់ប្រពន្ធ និង ទូលថ្វាយអ្នកម្នាង កែវ ហើយគាត់ក៏ឲ្យភរិយា ចាត់ចែងរៀបចំបាយទឹកស្បៀងអាហារ និង បង្វេចសំរាប់រត់ ភៀសខ្លួនចាកចេញពីទីប្រជុំជន ទៅនៅឲ្យឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងសង្ឃឹមថា នឹងបានសន្ដិសុខដល់រូបបក្សីចាំក្រុង រួចស្រេច ហើយកាលណា តាគហេត្រលប់ទៅយកបក្សីចាំក្រុងលើកអៀវដាក់លើ ក ហើយធ្វើដំណើរផ្សងព្រេងកាត់វាលចូលព្រៃដោយគ្មានទិសដៅ អ្វីជាពិតប្រាកដ ទៅដល់ទួលមួយ មានដើមរលួសដុះជាច្រើន យល់ឃើញថា ជាកន្លែងល្អសមរម្យតាគហេ និង បក្សីចាំក្រុងក៏នាំគ្នាឈប់ សំរាកនិន្រ្ទា។ ទីកន្លែងដើមរលួសនេះ ថ្ងៃក្រោយក្លាយជាខេត្ដរលួស ហើយមានវត្ដមួយឈ្មោះវត្ដរលួស(ក្នុងស្រុកនិគម ខេត្ដសៀមរាប) ជាប់ រហូតដល់សព្វថ្ងៃ។ ព្រឹកព្រហាម តាគហេនាំបក្សីចាំក្រុង ធ្វើដំណើររត់ភៀសខ្លួនទៅមុខទៀត ទៅដល់ព្រែកមួយ គាត់បានជួបអ្នកកំលោះម្នាក់ឈ្មោះជីក្រែង ដែលកំពុងតែអុំទូកស្ទូចត្រី ជីក្រែងបានយកអាសារ ជួយចំលងទូកយកទៅដាក់ត្រើយម្ខាង ព្រែកនោះជាប់ឈ្មោះថា«ព្រែកជីក្រែង» រហូតមកដល់សព្វថ្ងៃ ដើម្បីរំលឹកប្រវត្ដិបក្សីចាំក្រុង និងគុណបំណាច់របស់ជីក្រែង តាគហេនិងបក្សីចាំក្រុង ខំធ្វើដំណើរទៅមុខទៀត កាត់វាលចូលព្រៃ កាត់ព្រៃចូលវាលរហូតដល់ភ្នំមួយ នៅទីនេះគាត់បានជួបតាម្នាក់ ឈ្មោះតាម៉ឹង គាត់រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់តាម៉ឹង ពីដើមដល់ចប់ គាត់បានពោលបន្ថែមថា «ឥឡូវនេះ តាក៏រឹងរិតតែអាសន្នមានទុក្ខ ពិបាកយ៉ាងធ្ងន់ ពីព្រោះគាត់អស់ស្បៀងអាហារ» តាម៉ឹងស្ដាប់លឺសូរដូច្នេះ កើតមានចិត្ដអានិតអាសូស្រលាញ់រាប់អាន ហើយជួយលាក់ បំពួនផ្គត់ផ្គង់ តាគហេ និង បក្សីចាំក្រុង រួចហើយគាត់ចេញទៅប្រមែប្រមូល វេចខ្ចប់ បាយទឹក អង្ករត្រីសាច់ ទុកឲ្យតាគហេធ្វើជាស្បៀង ក្នុងការធ្វើដំណើរទៅមុខ។ កន្លែងព្រៃ ភ្នំនោះ តាំងតែពីសម័យបក្សីចាំក្រុងមកដល់សព្វថ្ងៃបានទទួលឈ្មោះថា ភ្នំអាសន្នទុក្ខ ដែលឥឡូវក្លាយ ទៅជាភ្នំសន្ទុក ឆ្លងផុតពីព្រៃភ្នំចូលមកដល់វាល តា និង ចៅនាំគ្នាឈប់សំរាក។ សត្វល្មាំងមួយហ្វូងបានចេញមកយាមកាពារបក្សីចាំក្រុង កន្លែងនោះ ក៏ជាប់ឈ្មោះថា «គោកល្មាំង» ឬ គោកព្រះកង តរៀងមក។ អ្នកខ្លះហៅថា គោកព្រះកង ពីព្រោះនៅ ក្បែរបឹងជិតនោះ ពេល បក្សីចាំក្រុង ព្រះអង្គច្រត់ដៃអោនក្បាល សោយទឹក ស្នាមកងចក្របានដិតដៅក្រលៅជាប់លើដីភក់។ ចេញផុតពីស្រុកអាសន្នទុក្ខ ទៅដល់វាលផ្សេងមួយទៀត បក្សីចាំក្រុងបានជួបនឹងសេះពណ៌ខៀវមួយមានកំពស់ប្រមាណជាបីហត្ថ។ សេះ ពណ៌ខៀវដើរចេញមកលុតជង្គង់សំពះបក្សីចាំក្រុងបីដង។ បក្សីចាំក្រុងក៏បានសេះនោះមកធ្វើជាជំនិះ ឯតាគហេវិញគាត់ដើរពីមុខនាំផ្លូវ កន្លែង ដែលបក្សីចាំក្រុងជួបសេះ បានមានឈ្មោះជាប់មកថា «គោកសេះ»។ តាគហេ និង បក្សីចាំក្រុង ទាំងតាទាំងចៅ នាំគ្នារត់គេចបន្ដជានិច្ច ឆ្លងកាត់ព្រែកស្ទឹងទន្លេធ្លាក់ទៅដល់ខេត្ដជើងព្រៃ ពេលនោះ កងទ័ពពល រេហ៍របស់ស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ ក៏បានដេញតាមប្រកិតផិតមកដល់ដែរ អ្នកទាំងពីរខំពួនលាក់ខ្លួនក្នុងព្រៃយ៉ាងសែន វេទនាជាទីបំផុត យប់ឡើងគេយកផែនពសុធាធ្វើជាគ្រែយកមេឃធ្វើមុង យកសូរស័ព្ទសព្វសត្វ ក្នុងព្រៃស្ងាត់ជ្រៅជ្រងំ ធ្វើជាវង់ដូតន្រ្ដីប្រគំ បទភ្លេង បំពេរលួងលោមក្ដីទុក្ខព្រួយ ទៅដល់កន្លែង មួយឈ្មោះ ត្រពាំងកងមាស ជួនចំជាពេកយប់ តា និង ចៅនាំគ្នាឈប់សំរាកនិន្រ្ទាយក កំលាំងទីនោះ មានមូសច្រើនណាស់ ដែលរំខានធ្វើឲ្យសំរាកមិនបាន បក្សីចាំក្រុង ក៏បន់ស្រន់សំបូងសង្រូង សុំកុំឲ្យមានមូស រំពេចនោះមូស យ៉ាងច្រើនខ្មៅងងឹត ក៏បាត់អស់ដូចតាមមាត់មែន កន្លែងនោះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថា មុងមាសអ្នកតាគហេ តែពង្សាវតារ របស់សម្ដេចវាំងជួន បញ្ជាក់ថា កន្លែងដែលបក្សីចាំក្រុង សំពះបន់កុំឲ្យមានមូសមានឈ្មោះថា ទូលតាគហេ ដែលស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាលសព្វថ្ងៃ។ តាគហេ និង បក្សីចាំក្រុង ចេះតែខំប្រឹងរត់តទៅទៀត ទាំងយប់ទាំងថ្ងៃ ឥតមានហ៊ានឈប់ឈរ យូរថ្ងៃមក គេបានរត់ទៅដល់មាត់ទន្លេធំ ដែលសព្វថ្ងៃ ខ្មែរយើងបានដាក់ឈ្មោះថា ទន្លេមេគង្គ ចំណែកខាងកងទ័ពរបស់ស្ដេចព្រហ្មកិលវិញ ក៏ដេញកិតជាប់ពីក្រោយដែរ។ តា និងចៅ ទាំងពីរនាក់ ស្ថិតក្នុងស្ថានភាពទាល់ច្រក ចង់ឆ្លងទឹកក៏មិនរួច ព្រោះគ្មានទូក ចង់ថយក្រោយរកផ្លូវផ្សេងទៀតរត់ក៏មិនរួច។ គ្រានោះបក្សីចាំ ក្រុងក្រលេកមើលទៅមាត់ទន្លេ ឃើញដើមរកា និង ដើមល្វា ហើយនឹកគិតថា បើដើមរកាកោងទៅ ហើយដើមល្វាទេរមក នោះយើងច្បាស់ ជាអាចឆ្លងរត់រួចជាមិនខាន ។ ទាល់ចំនេះ អស់មធ្យោបាយ បក្សីចាំក្រុងក៏លុតជង្គង់ទៅនឹងដីលើដៃប្រទូលដាក់លើក្បាល ឧទ្ទិសបួងសួងថា បើទូលព្រះបង្គំជាខ្ញុំពិតជាអ្នកមានបុណ្យមែន ហើយត្រូវឡើងគ្រងនគរនោះ សូមឲ្យរកាកោងទៅ ល្វាទេរមក! ភ្លាម នោះដោយអំណាចគុន បុណ្យតេជបារមី និង មាត់ទិព្វរបស់បក្សីចាំក្រុង ដើមរកាក៏កោងទៅមែន ហើយដើមល្វាក៏ទេរមកជួមគ្នា ក្លាយជាស្ពានដូចក្ដីប្រាថ្នា។ បក្សីចាំ ក្រុង និងតាគហេក៏នាំគ្នាដើរសួលើដើមឈើទាំងពីរឆ្លងកាត់ទៅត្រើយម្ខាង កងទ័ពស្ដេចពញាក្រែកក៏មកដល់ដែរ តែរកឆ្លងដេញចាប់មិន បាន ពីព្រោះដើមរកា និង ល្វាបានងើបឡើងត្រង់វិញដូចដើម ដោយសារភាពអច្ឆរិយៈដ៏អស្ចារ្យនេះ ទើបបានជាទីកន្លែងនោះ មានឈ្មោះជាប់ មកថា «រកាកោង»និង «ល្វាទេ»ហើយថ្ងៃក្រោយមកក៏កើតមានជាលំនៅស្ថានភូមិស្រុក «រកាកោង ល្វាទេរ» រៀងរហូតមកដល់បច្ចុប្បន្ន ចំណែកសេះពណ៌ខៀវវិញ មកដល់កន្លែងរកាកោង ល្វាទេរនេះ ក៏បាត់រូបរាងក្នុងភាពយ៉ាងអស្ចារ្យដែរ ពីពេលនោះមក បក្សីចាំក្រុងចាប់ផ្ដើម មានជំនឿថាខ្លួន ពិតជាអ្នកមានបុណ្យ មានរិទ្ធិអំណាចតេជៈបារមីខ្លាំងពូកែមែន។ អ្នកទាំងពីរធ្វើដំណើរគេចខ្លួន កាត់វាលកាត់ព្រៃតទៅមុខទៀត។ ទៅដល់ក្រោមដើមល្វាមួយយ៉ាងធំ មានម្លប់ត្រឈឹងត្រឈៃ គេឈប់ សំរាកប្រាសខ្លួនលើកផែនថ្មដាមួយធំ ដែជាប់ឡើងដោយទេវតារក្សាដើមល្វា សំរាប់ទុកថ្វាយបក្សីចាំក្រុង។ កន្លែងនោះក៏ជាប់ឈ្មោះថាថ្មដា ដែលសព្វថ្ងៃស្ថិតនៅក្នុងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។ ថ្ងៃមួយតាគហេ និងបក្សីចាំក្រុង ធ្វើដំណើរទៅដល់ទីទួលមួយកន្លែង ដែលមានបឹងនោះ តាគហេបានទៅកាច់មែកជ្រៃ យកមកដោតបាំង ធ្វើម្លប់ឲ្យបក្សីចាំក្រុង ដោយអស់កំលាំងពេក បក្សីចាំក្រុងក៏ផ្ទំលក់ទៅ គ្រានោះមានហ្វូងបក្សី ទាំងនោះស្រែកផ្អើលកោកកាកឆោលោហោះ ហើរចេញទៅ លឺសូរខ្ញៀវខ្ញាសន្ធឹកសន្ធប់ដូច្នេះ តាគហេនឹកស្មានថាកង ទ័ពស្ដេចលើកមកដល់ហើយ កំពុងតែលោមព័ទ្ធចាប់ តាគហេភ័យ ណាស់ខំរត់ទៅដាស់បក្សីចាំក្រុង បក្សីចាំក្រុងភ្ញាក់ ទាំងសើងមម៉ើងភ័យចំប្រប់ ហើយខំស្ទុះស្ទាឡើងដើមជ្រៃសំលឹងមើលគ្រប់ទិសទី។ តែ បក្សីចាំក្រុងមើលមិនឃើញកងទ័ពស្ដេចទេ ឃើញតែហ្វូងសត្វជាច្រើនដែលកំពុងតែហោះហើរ បាត់ភ័យធូរទ្រូងបន្ដិច បក្សីចាំក្រុងចុះពី មែកជ្រៃដោយទាំងទុកស្នាមដានជើងជាប់នៅលើមែកឈើ។ ដើមជ្រៃនោះបានគង់រស់រហូតមកដល់សព្វថ្ងៃ។ បក្សីចាំក្រុងនឹក ខឹងមួរម៉ៅ ចំពោះតាគហេដែលបានធ្វើឲ្យខ្លួនភ័យលួសព្រលឹង ព្រះអង្គមានបន្ទូលលលេងថា «កាលណាបានឡើងសោយរាជ្យខ្ញុំនឹងកាប់តាធ្វើបុណ្យ!(២) ។ ទីទួលដែលតាគហេបានយកមែកជ្រៃទៅដោតធ្វើម្លប់ ត្រូវបានគេឲ្យ ឈ្មោះថា «ទួលស្រួលទឹកមិនលិច» ចំណែកដើមជ្រៃវិញ យូរខែឆ្នាំ មក ក៏ដុះធំត្រសុំត្រសាយ ក្លាយទៅជាទីកន្លែងសក្ការ បូជាយ៉ាឆុតឆាប់ ដែលខ្មែរតែងតែនាំគ្នាមកបន់ស្រន់ជាហូរហែ ឈ្មោះនេះក្លាយបន្ដិច ម្ដងៗ ទៅជាទួល «សួគ៌លោក» ហើយឥឡូវនេះទៅជាវិហារសួគ៌(៣)។ រីឯកងទ័ពពលរេហ៍របស់ស្ដេចព្រហ្មកិល នៅតែបន្ដបេសកម្មរុករកដេញតាមចាប់បក្សីចាំក្រុងឥតសំចៃដៃ បក្សីចាំក្រុង និងតាគហេនៅតែខំរត់គេចដដែល ហើយបានធ្វើដំណើរចុះទៅទិសខាងត្បូង ទៅជិតដល់មាត់ទន្លេ ប្រះទះឃើញមានផ្លែល្វាល្អល្អះគួរឲ្យឆ្ងាញ់ បក្សីចាំក្រុងក៏បេះផ្លែល្វាយកមកសោយចំអែតកាយ ផ្លែល្វាមានរស់ជាតិផ្អែមឆ្ងាញ់ពិសា ធ្វើឲ្យបក្សីចាំក្រុងកើនកំលាំងខ្លាំងក្លា។ ទឹកដីម្ដុំដើមល្វាក៏ជាប់ ឈ្មោះថា «ល្វាផ្អែម» ហើយក្លាយទៅ ជាល្វាអែមរហូតមកដល់សព្វថ្ងៃ គឺនៅក្នុងខេត្ដកណ្ដាល។ កងទ័ពស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ ដែលដឹកនាំដោយមេទ័ពពីរនាក់គឺ ចៅពញាចក្រី និង ចៅពញារាជាសេដ្ឋា បានតាម ដានដេញរកចាប់បក្សីចាំក្រុងអស់រយៈពេលបីឆ្នាំ តែនៅតែរកចាប់មិនបាន។ មិនតែប៉ុណ្ណោះ មេទ័ ពស្ដេចទាំងពីរនាក់ត្រូវបាត់បង់ជីវិតនៅភ្នំ អាសន្នទុក្ខ ដោយចាញ់បុណ្យបារមី របស់បក្សីចាំក្រុង។ ព្រះមហាក្សត្រខ្មែរ ខឹងច្រលោតខ្លាំងណស់ ដោយមេទ័ពរបស់ខ្លួនទាំងប៉ុន្មានគ្មាន សមត្ថភាព ទទួលបរាជ័យ រកចាប់ចង និង កំទេចសំលា ប់បក្សីចាំក្រុងមិនបានដូចបំនង។ ព្រះអង្គរឹងរឹតតែភ័យព្រួយបារម្ភខ្លាំងឡើងៗរកបិទ ភ្នែកមិនជិត ពីព្រោះព្រះអង្គភ័យខ្លាចអស់បុណ្យ អស់អំណាច អស់រាជសម្បត្ដិ អស់បានធ្វើជាស្ដេច ព្រះអង្គក៏សំរេចចិត្ដ លើកកងទ័ពពល សេនាទៅដោ យខ្លួនឯង ដើម្បីដេញតាមរុករកចាប់សំលាប់បក្សីចាំក្រុង អ្នកមានបុណ្យឲ្យទាល់តែបាន នេះបើតាមពង្សាវតារវត្ដទឹកវិល។ ចំណែកតាគហេ និង បក្សីចាំក្រុង កាលបើដល់មាត់ទន្លេ ក៏សុំតាមទូកគេឆ្លងទៅត្រើយខាងលិចត្រង់ម្ដុំកោះរិស្សីកែវ (៤) គ្រានោះកងទ័ព ស្ដេចក៏តាមមកដល់ដែរ តាគហេ និងបក្សីចាំក្រុង នាំគ្នារត់ចូលពួនក្នុងបឹងរាជ ដែលមានឈូកដុះពាសពេញ កងពលសេនាស្ដេចដេញតាម ស្អិតពីក្រោយ ហើយយកដំរីគោក្របី មកឲ្យដើរសាចុះសាឡើងជាន់ឈ្លីបឹងឈូក បែកភក់វក់វ៉ាល់ ដើម្បីសំលាប់បក្សីចាំក្រុងកុំឲ្យរត់រួច។ តែ ដំរីគោក្របី កាលដើរមកដល់ម្ដុំដើមឈូក ដែលបក្សីចាំក្រុង និង តាគហេពួន ចេះតែនាំគ្នាដើរឃ្វាងរហូត តា និង ចៅបានរួចជីវិតជាថ្មីម្ដង ទៀត។ បឹងឈូកដោយសារគោក្របីដំរីដើរជាន់ឈ្លីមិនឈប់ឈរ ក៏រឹងខះទឹកបែរជាគោកស្ងួត ដើម្បីទុកជាអនុស្សាវរីយរំលឹកដល់ប្រវត្ដិតស៊ូរត់គេចភៀសខ្លួនរបស់បក្សីចាំក្រុង និងតាគហេគេបានដាក់ឈ្មោះទឹកដីនោះថា «គោកបញ្ជាន់»។ បក្សីចាំក្រុង និង តាគហេ នាំគ្នារត់បន្ដដំណើរសំដៅទៅទិសខាងលិច តាមផ្លូវបក្សីចាំក្រុងបានប្រទះជួបឃើញនារីក្រមុំ ម្នាក់មានរូបរាង ដំណើរសម្ផស្ស សាច់ល្អស្រស់ស្អាតគួរឲ្យចាប់ចិត្ដស្នេហា នាងកំពុងតែដងទឹក កន្លែងជួបប្រទះស្រីស្រស់ ត្រូវគេដាក់ឈ្មោះថា «ប្រទះនាង» ដែលក្លាយជា «ប្រទះឡាង»។ នៅតាមផ្លូវ ទៅដល់ទួលមួយ តា និង ចៅ ដោយស្រេកឃ្លានខ្លាំងពេក បានបេះផ្លែឈើឳជ្រឹង យកមកបរិភោគចំអែតកាយ ទីនោះជាប់ ឈ្មោះថា «ទ្រនុំជ្រឹង»ជារៀងរហូតតមក។ ដើរហួសកន្លែងនោះឆ្ងាយបន្ដិច ស្រាប់តែបក្សីចាំក្រុង និង តាគហេត្រូវកងពលទាហានស្ដេច លោមចោមចាំចាប់ កន្លែងចោមចាប់ទី១ បានក្លាយទៅជាភូមិចោមចាប់ កន្លែងចោមចាប់ទីពីរ នៅម្ដុំជិតគ្នានោះដែរ បានក្លាយទៅជាភូមិ ចោមចៅ។ ដើម្បីរត់ដោះដៃរករួចខ្លួន ម្ដងនេះដូចលើកមុនដែរ តាគហេ នាំបក្សីចាំក្រុងចុះពួនក្នុងបឹងទៀត។ ពួកពលរេហ៍ស្ដេចក៏ នាំយកដំរីគោក្របី ប្រើឲ្យជាន់ដីជាន់ឈ្លីបញ្ជាន់បឹងដូចលើកមុន តែនៅតែមិនបានសំរេច បក្សីចាំក្រុងនិងតាគហេ នៅតែរត់រួចពីកន្ដាប់ដៃស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ បឹងនោះត្រូវបានគេដាក់ឈ្មោះថា «បឹងបុកបែន» ដែលថ្ងៃក្រោយមក ក្លាយជាបឹង «បឹងក្បែន»។ រត់រួចចេញពីបឹងកាលណា ចៅ និង តានាំគ្នារត់ទៅលាក់ខ្លួនពួនអាត្មា ក្នុងព្រៃក្រាស់ជិតនោះ ព្រៃនោះមានឈ្មោះថា «ព្រៃពួន» ដែលឥឡូវ ក្លាយទៅជា «ព្រៃពួច»(៥)។ កងទ័ពស្ដេចនៅតែដេញតាមប្រកិតពីក្រោយជានិច្ច។ តាគហេ និង បក្សីចាំក្រុងចេះតែខំរត់ពួនគេចវេះ ខំដើរខំរត់កាត់វាលចូលព្រៃទៅដល់ជើងភ្នំរូង(៦) នៅក្នុងភ្នំនេះមានរូងមួយយ៉ាងធំ របស់ស្ដេចកណ្ដុរស។ ស្ដេចកណ្ដុរសក៏បានជួយសង្គ្រោះយក អាសារបក្សីចាំក្រុង នាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួន រំពេចនោះដែរ ពីងពាងជាច្រើនក៏នាំគ្នាបញ្ចេញកំលាំងធ្វើមង ចាក់ស្រះព័ទ្ធព័ន្ធបិទ បាំងមាត់រន្ធស្ដេចកណ្ដុរស។ កងទាហា នស្ដេចព្រហ្មកិលមកដល់ទីនោះដែរ តែរកបក្សីចាំក្រុង និង តាគហេមិនឃើញ។ មកដល់រូងភ្នំបក្សីចាំក្រុង និង តាគហេបានបុណ្យគុណបារមីវត្ថុស័ក្ដិសិទ្ធ និងអ្នកសច្ចំបំបាំងបាត់ ជួយថែរក្សាទំនុកបំរុង ឧបត្ថម្ភនែនាំបង្ហាត់ បង្រៀនអប់រំប្រដែប្រដៅ ផ្ដល់នូវមុខវិជ្ជាសិល្ប៍សាស្រ្ដគ្រប់បែបបទ និងជួយចំលងឲ្យផុតពីគ្រោះកាចចង្រៃគ្រប់បែបយ៉ាង។ តាំងតែពីពេល នោះមក បក្សីចាំក្រុង និង តាគហេ រស់នៅឯភ្នំរូងដោយសុវត្ដិភាព សុខសប្បាយគ្មានសៅហ្មង គ្មានភ័យព្រួយបារម្ភខ្លាចស្ដេចសន្ធពអនុរាជ ឡើយ។ ទោះបីជាដឹងខ្លួនមានជាប់ឈាមជ័រជាបុត្រព្រះមហាក្សត្រ ទោះបីធ្លាប់ត្រូវរងគ្រោះរងទុក្ខទោសវេទនាលំបាកលំបិន ស្ទើរស្លាប់ស្ទើររស់ រត់ចោលស្រុក ព្រាត់ប្រាស់ម្ដាយកូនជីដូនជីតា ដោយចិត្ដកាចសាហាវយង់ឃ្នងរបស់ស្ដេចព្រហ្មកិល ទោះបីស្គាល់ដឹងថា ស្ដេចអង្គនេះគ្មាន គិតនឹកឃើញអ្វីក្រៅអំពីចង់បានអំណាច ហើយដើរកាប់សំលាប់ប្រជានុរាស្រ្ដ កំចាត់គ្រប់អស់អ្នកចេះដឹង មានសមត្ថភាព មានបុណ្យបារមី ខ្លាំងពូកែជាងខ្លួន សូម្បីបក្សីចាំក្រុង មិនដែលមាននឹកចង់បង្កើតឲ្យមានក្រុមបក្សពួក មានទាហានទ័ពទីង ឬ ទៅបំបះបំបោរបំផុះបំផុលប្រជា ជន បង្កឲ្យមានចលាចល រំជើបរំជួលគ្មានសន្ដិសុខ សង្គ្រាមបង្ហូរឈាមក្នុងនគរដែរ គឺបក្សីចាំក្រុងមានឧត្ដមគតិច្បាស់លាស់ ក្នុងបញ្ហាប្រ ទេសជាតិ ហើយយល់ថាចំបាំងរាំងជលរវាងបងប្អូនឯង ព្រោះតែអំណាច និង ប្រយោជន៍ផ្ទាល់ខ្លួន អាចនាំមកនូវទុក្ខវេទនាគ្រប់បែបយ៉ាង ដល់ប្រជានុរាស្រ្ដ និង ប្រទេសជាតិ។ ដូច្នេះហើយបានជាបក្សីចាំក្រុងមិនព្រមយកគំនុំគំគួនផ្ទាល់ខ្លួន ឬ ការសងសឹក មកធ្វើជាត្រីមុខជាធំ។ ព្រះអង្គមិនសុខចិត្ដពឹងផ្អែក ឬ ប្រើកំលាំងបាយ កំលាំងអាវុធដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ហើយដណ្ដើមយកអំណាច និងរាជបល្ល័ង្គទេ។ ឥរិយាបថបក្សីចាំក្រុង មិនធ្វើសង្រ្គាមបង្កបង្កើតចលាចល បានទុកឱកាសឲ្យស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជរស់នៅ សោយរាជ្យដោយសុខសប្បាយក្សេមក្សាន្ដ រហូតដល់ថ្ងៃស្លាប់ ពង្សាតារភាគច្រើនបានសរសេរកត់ត្រាប្រហាក់ប្រហែលគ្នាថា ព្រះបាទ សន្ធពអនុរាជគ្មានបុត្រាបុត្រីសំរាប់បន្ដព្រះរាជវង្សទេ ដែលជាហេតុធ្វើឲ្យព្រះអង្គមួហ្មងខឹងក្រេវក្រោធក្ដៅក្រហាយមិនសប្បាយចិត្ដ។ យូរខ្មែរឆ្នាំកន្លងមក បើតាមពង្សាវតារវត្ដទឹកវិល សេះរបស់ព្រះសន្ធពអនុរាជ ឬ ព្រហ្មកិលដែលតាព្រាហ្មណ៍ចាស់ បានយកប្រគល់ឲ្យ បានអស់ជីវិតក្លាយទៅជាថ្មនៅក្នុងឆ្នាំមមែ បញ្ចក្សត្រទាំងប៉ុន្មានប្រែក្លាយទៅជាផ្លែឈើបីផ្ដុំផ្គុំជាប់គ្នា ចំណែកឯព្រះខ័នរាជ្យ និងរំពាត់ក៏ ត្រលប់ចូលទៅក្នុងស្រោម ធ្វើអំពីសំពត់ហូលវិញដែរ។ នៅចំពោះមុខបាតុភូតខុសប្លែកអំពីធម្មតានេះ ព្រះសន្ធពអនុរាជ យល់ច្បាស់ណាស់ ថា ព្រះអង្គដល់ថ្ងៃអវសានអស់បុណ្យហើយ។ ព្រះអង្គរឹង រិតតែភ័យព្រួយបារម្ភ រន្ធត់តក់ស្លុតខ្លាំងឡើង រហូតដល់ធ្លាក់ខ្លួនមានជំងឺឈឺរាំរៃ មើលមិនជា។ ព្រះបាទសន្ធពអនុរាជ ឬ ពញាក្រែក ឬ ព្រហ្មកិល ព្រះមហាក្សត្រខ្មែរទី១៨ បានចូលទីវង្គត់ក្នុងឆ្នាំមមែ ក្នុងព្រះជន្ម ៣១វស្សា ក្រោយដែល បានសោយរាជសម្បត្ដិអស់ចំនួន ២០ឆ្នាំ(៧) នេះបើតាមពង្សាវតាររបស់សម្ដេចវាំងជួន។ ព្រះអង្គមិនបានទុកនូវស្នាដៃ កេរដំណែលអ្វីដែលគួរឲ្យកត់សំគាល់បានឡើយ ពង្សាវតារវត្ដទឹកវិល បានបញ្ជាក់ថាព្រះអង្គមានគំនិត ចង់ផ្លាស់ប្ដូរសករាជថ្មី តែគំរោងនេះមិនត្រូវបានយកមក អនុវត្ដទេ។……………………………………………………………………………………..(១) ប្រហែលជាកំពុងចិន ក្នុងស្រុកស្ទោង ខេត្ដកំពុងធំ។(២)តាមអូវពុកខ្ញុំ ដែលធ្លាប់និទានរឿងបក្សីចាំក្រុងឲ្យស្ដាំ កាលខ្ញុំនៅក្មេង ពាក្យសំដីនេះគ្រាន់តែជាការនិយាយ ចំអន់លេងសើចកំប្លែងតែប៉ុណ្ណោះ បក្សីចាំក្រុងមិនដែលមាន ចិត្ដអាក្រក់រមឹលគុណដូច្នេះឡើយ។ (៣) =ក្នុងសៀវភៅ ប្រជុំរឿងព្រេងភាគ៥ លេខយោង ឲ្យសរសេរថា វិហារសួរ មិនត្រូវសរសេរ វិហារសួគ៌យ៉ាងនេះទេ(៤) សង្កាត់មួយ នៅផ្នែកខាងជើងនៃទីក្រុងភ្នំពេញ(៥) ឈ្មោះទីកន្លែង ភូមិស្ថាន ដែលយើងបានរៀបរាប់ជាហូរហែ ក្រោយពេលដែលបក្សីចាំក្រុងរត់មកដល់កោះរិស្សី កែវ(៦) គឺភ្នំបាសិទ្ធ សព្វថ្ងៃ ដែលស្ថិតនៅប្រវែងប្រមាណជាជាង ២០គ.ម. ខាងជើងក្រុងភ្នំពេញ។ ភ្នំបាសិទ្ធមានកំពូល ទាំងអស់ពីរ មួយក្នុងឃុំម្កាក់ ស្រុកភ្នំពេញ ខេត្ដកណ្ដាល និង កំពូលមួយទៀត ក្នុងខេត្ដកណ្ដាលដដែល តែក្នុងឃុំពញាលឺ(៧) ព្រះជន្មរបស់ព្រះបាទសន្ធពអនុរាជ ឬ ស្ដេចព្រហ្មកិល ត្រូវបានពង្សាវតារផ្សេងៗកត់ត្រាខុសគ្នាទាំងអស់។ការឡើងសោយរាជ្យរបស់បក្សីចាំក្រុងគ្រានោះ ដោយយល់ឃើញថាបក្សីចាំក្រុង ត្រូវជាបុត្រព្រះបាទចក្រព័ត្រព្រះមហាក្សត្រ ខ្មែរទី១៦ ហើយព្រះអង្គ ក៏អ្នកមានបុណ្យបារមី មានសមត្ថភាព មានចិត្ដសន្ដោសមេត្ដាធម៌ ស្រឡាញ់អាណិតអាសូរ គ្រប់គ្រងទំនុកបំរុងប្រជារាស្រ្ដ នាម៉ឺនមុខមន្រ្ដីតូចធំទាំងអស់ក្នុង នគរបានមូលមតិគ្នា ទៅសុំយាងបក្សីចាំក្រុងពីភ្នំរូង ឲ្យមកសោយរាជ្យសម្បត្ដិនៅមហានគរ ។ ពិធីអភិសេកបក្សីចាំក្រុងជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានរៀបចំប្រារព្ធធ្វើឡើងនៅ ថ្ងៃជាពេលាល្អ ដែលត្រូវជាថ្ងៃ ១១កើត ខែពិសាខ ឆ្នាំរោងព.ស១៥៧២ ម.ស៩៥០ ច.ស៣៩០ គ.ស.១០២៨ កាលនោះ ព្រះបាទបក្សីចាំក្រុង មានព្រះជន្ម ២៨វស្សា ព្រះអង្គជាព្រះមហា ក្សត្រខ្មែរទី១៩។ ព្រះអង្គបានទទួលព្រះបរមនាមព្រះបាទសម្ដេច គំដែងអញប្រដែងរាជ បក្សី ចាំក្រុង បំរុងរាស្រ្ដ។ រាជធានីខ្មែរស្ថិតនៅមហានគរដដែល។ ព្រះបាទបក្សីចាំក្រុង បានគ្រប់គ្រងប្រទេសជាតិដោយទសពិធរាជធម៌ ជួយទំនុកបំរុងការ ពារសង្គ្រោះប្រជានុរាស្រ្ដវត្ដអារាម និងព្រះពុទ្ធសាសនា គ្រប់ទិសទីគ្រប់ច្រកល្ហកក្នុងព្រះ រាជអាណាចក្រ។ កាលនោះស្រុកខ្មែរមានទឹកដីធំទូលាយ ប្រទេសតូចធំជិតឆ្ងាយរាប់អានគោរពកោតខ្លាចស្ញប់ស្ញែង និងចំណុះចុះចូលប្រជា ពលរដ្ឋខ្មែរទូទៅ រស់នៅក្នុងបរិយាកាសសំបូរណ៌សប្បាយ រីករាយគ្មានសង្គ្រាម ស្គាល់តែសេចក្កី សុខក្សេមក្សាន្ដ និងសន្ដិភាព។ ចិត្ដចិរិយា និងលក្ខណៈដ៏ល្អប្រសើរជាពិសេសមួយទៀតរបស់បក្សីចាំក្រុង គឺព្រះអង្គជាមនុស្សម្នាក់ដែលឲ្យតំលៃ និងគោរពទៅលើអ្វី ដែលជាគុណ។ ព្រះអង្គបានចាត់ទុកគុណជាធំ ជាចាំបាច់ក្នុងដួងចិត្ដ ក្នុងទស្សនៈនេះ និងមាគ៌ាប្រចាំជីវិតរបស់ព្រះអង្គ អ្នកណា ជនណា សត្វ ណា ឬទីកន្លែងទឹកដីណា ដែលធ្លាប់មានគុណជួយទំនុកបំរុងព្រះអង្គ ព្រះអង្គមិនបំភ្លេចគុណឡើយ។ ដូច្នេះហើយក្រោយដែលព្រះអង្គបាន ឡើងសោយរាជ ព្រះអង្គបានប្រទានងារបុណ្យសក្ដិ ដល់អ្នកដែលធ្លាប់ជួយយកអាសារ ព្រះអង្គក្នុងគ្រាក្រ។ ព្រះអង្គបានសាងវត្ដអារាម ព្រះ ពុទ្ធជាច្រើនដើម្បីរំលឹក និង តបស្នងសងគុណបុណ្យបារមី វត្ថុសក្ដិសិទ្ធ ទីកន្លែងទឹកដី ដែលធ្លាប់បានជួប ទទួលទំនុកបំរុង បីបាច់ថែរក្សាព្រះ អង្គក្នុង គ្រាកំសត់ខ្លោចផ្សា មានទុក្ខភ័យគ្រោះកាចដល់ជីវិត។ ព្រះបាទបក្សីចាំក្រុង បានសាងប្រាសាទ មួយដាក់ឈ្មោះថា «ប្រាសាទលលៃ» នៅកន្លែងដែលព្រះអង្គបានទតឃើញទង់ជ័យស្ដេចពញា ក្រែកដេញតាមចាប់ព្រះអង្គ។ ប្រាសាទមួយទៀតឈ្មោះ «បាគង់» ត្រូវបានសាងដោយសារព្រះអង្គ នៅកន្លែងដែលតាគហេយកព្រះអង្គទៅ លាក់ ហើយដែលពេលនោះគាត់បានមានប្រសាសន៍ថា «បាគង់នៅទីនេះសិនហើយ!.»។ ឯនៅត្រង់កន្លែងក្រោលគោរបស់តាគហេវិញគឺ «ប្រាសាទបាគោ» ដែលព្រះអង្គបានសាង ហើយដែលក្នុងបច្ចុប្បន្ន បានក្លាយទៅជា ប្រាសាទព្រះគោ ប្រាសាទទាំងនេះស្ថិតនៅក្នុងខេត្ដសៀម រាប។ ដើម្បីលើកឧបការគុណទឹកដីភ្នំសន្ទុក «ភ្នំសន្ទុក» និង បុណ្យបារមីទាំងប៉ុន្មានដែលធ្លាប់ជួយការពារទំនុកបំរុងព្រះអង្គ ព្រះបាទបក្សីចាំក្រុង បានសាងព្រះវិហារ និង ព្រះបាទព្រះមួយយ៉ាងធំនៅទីនោះ ទុកជាទីសក្ការៈបូជា។ តាម៉ឹង ដែលធ្លាប់ ជួយយកអាសារ ផ្ដល់ស្បៀងអាហារ និង ជួយលាក់បំពួនត្រូវបានតែងតាំងជាចៅហ្វាយខេត្ដស្រុកអាសន្នទុក្ខរៀងរហូត មក។ ចំណែកនៅឯទួលស្រួលទឹកមិនលិច ឬ ទួលសួរលោក នៅខាងលិចដីទួលដែលតាគហេធ្លាប់បានយកមែកជ្រៃទៅដោត ព្រះបក្សីចាំក្រុង ព្រះអង្គបានសាងវត្ដដោយមានព្រះវិហារយ៉ាងល្អត្រចាស់ត្រចង់ ព្រះអង្គបានប្រទានឈ្មោះវត្ដនោះថា «ព្រះវិហារសួរ»។ ព្រះអង្គក៏បានកសាង ដែរនូវរូបសំណាកព្រះឥសូរ និងព្រះនរាយណ៍ ដាក់តំកល់ទុកសំរាប់គោរពបូជានៅលើដីទួល ដែលមានដាំមែកជ្រៃ។ មែកជ្រៃនោះដែលបាន ដុះឡើងធំធាត់ហើយដែលព្រះអង្គមានស្នាមជើងនៅលើ ត្រូវព្រះអង្គចាត់ទុកជាដើមប្រផ្នូល សំរាប់មើលទស្សន៍ទាយឲ្យយល់ ឲ្យដឹងអំពីជោគ វាសនាអនាគត របស់ប្រទេសជាតិ។ ជ្រៃនោះព្រះអង្គដាក់ឈ្មោះថា «ជ្រៃព្រះផ្នូល» ព្រះបាទបក្សីចាំក្រុង ដោយព្រះអង្គមានព្រះឱស្ឋទិព្វ ផង ព្រះអង្គបានធ្វើបុណ្យបួងសួងយ៉ាងនក្ខត្ដរិក្សសុំព្រះជាម្ចាស់ គុណបុណ្យបារមី និង វត្ថុសក្ដិសិទ្ធទាំងឡាយ ធ្វើបណ្ដាលបង្ហាញឲ្យកើតមាន ជាប្រផ្នូល ទៅលើដើមជ្រៃព្រះផ្នូល ឬ ជ្រៃសួគ៌ និង ទៅលើព្រះវិហារ ប្រសិនបើនឹងត្រូវកើតមាន និងផ្ទុះនូវព្រឹត្ដិការណ៍ដ៍សំខាន់អ្វីមួយ ដែល ទាក់ទងទៅនឹងអាយុជីវិតរបស់ស្រុកខ្មែរ ព្រះអង្គបានណត់ប្រផ្នូ លទាំងអស់ជា១០ប្រការសំរាប់នគរខ្មែរប្រការទី១ បើដើមជ្រៃមានស្លឹកដុះល្អត្រសុំត្រសាយ នោះព្រះមហាក្សត្រ ឬ អ្នកនាំប្រទេសជាតិ នឹងបានទទួល នូវសេចក្ដីសុខក្សេម ក្សាន្ដ ហើយប្រទេសជាតិក៏បានចំរើនសំបូរណ៌ហូរហៀរដែរអ។ប្រការទី២ បើដើមជ្រៃមានស្លឹករិចរឹលរុះមិនល្អ នោះប្រទេសជាតិមិនសូវមានភោគផលចំនូលបានច្រើនល្អទេ។ ប្រជានុរាស្រ្ដ នឹង មានទុក្ខព្រួយ។ប្រការទី៣ បើដើមជ្រៃត្រូវបក្សាបក្សីទាំងហ្វូង មករុករានទន្រ្ទានទីទុំលើ នោះប្រទេសជាតិ នឹង ត្រូវបរទេស នាំគ្នាមកលោមព័ទ្ធព័ន្ធ ប្រវ័ញ្ចគៃបន្លំ ឆក់លួចប្លន់យកទឹកដី និងភោគផលខ្មែរជាមិនខាន។ប្រការទី៤ បើមែកជ្រៃធំល្មមបាក់ នោះសមាជិកក្នុងរាជវង្សស្ដេច ឬ សម្ដេចចៅហ្វាទល្ហៈ ត្រូវអស់បុណ្យ ឬអស់ជីវិត។ប្រការទី៥ បើមែកជ្រៃធំបាក់ នោះព្រះមហាក្សត្រ ឬ ប្រមុរដ្ឋ ត្រូវអស់ជីវិត។ប្រការទី៦ បើមានពស់ចូលក្នុងព្រះវិហារ ហើយវារកាត់លើព្រះភ្នេនព្រះបដិមាករ ឬលើឆ្នឹមដំបូលព្រះវិហារ នោះពួកជនជាតិបរទេសស្រុកក្រៅ នឹងចូលមកលុកលុយឈ្លានពានលួចប្លន់ប្រទេសជាតិខ្មែរជាមិនខាន។ប្រការទី៧ បើក្នុងស្រះមុខវិហារ មានក្រពើ ឬទន្សង ហែលកាត់ចុះឡើង នោះនឹងមានសមាជិកព្រះរាជវង្ស ស្ដេចឬ មន្រ្ដីធំក្បត់ជាតិ ចង់បំផ្លាញនគរ ហើយរត់ទៅរកពឹងពាក់ពួកបរទេស ឲ្យចូលមកជួយដន្ដើមណាច។ប្រការទី៨ បើដើមជ្រៃងាប់មួយចំហៀង នោះព្រះមហាក្សត្រ ឬអ្នកកាន់ណាចដឹកនាំប្រទេសជាតិត្រូវអស់ណាច។ប្រការទី៩ បើសិនជាដើមជ្រៃងាប់បាក់ ហើយដុះឡើងវិញ នោះពូជត្រកូលថ្មីមួយទៀត នឹងត្រូវឡើងធ្វើជាព្រះមហាក្សត្រ ឬអ្នកដឹក នាំប្រទេសជាតិ។ប្រការទី១០ បើសិនជាដើមជ្រៃត្រូវអស់ជីវិត ងាប់បាត់ ហើយមិនដុះឡើងវិញ នោះព្រះបរមជ្រៃសួរ នឹងត្រូវផុតពូជដែរ គ្រានោះ អ្នកមានបុណ្យបានចាប់ជាតិកើតហើយ។ ក្រោយដែលព្រះអង្គបានធ្វើពីធីបួងសួង សំបូងសង្រោងប្រកាសជាឱឡារិក ប្រាប់អស់គុណបុណ្យបារមី ព្រះឥន្រ្ទព្រះព្រហ្ម ម្ចាស់ទឹកម្ចាស់ដី ព្រះអគ្គីព្រះពាយ និងវត្ថុសក្ដិសិទ្ធ ព្រមទាំងទេវតា អារុក្ខអារក្សអ្នកតាថែរក្សាទឹកដីភូមិស្ថាន បក្សីចាំក្រុងព្រះអង្គបានបញ្ជាឲ្យនាម៉ឺនមុខមន្រ្ដី កត់ត្រា ចារពាក្យពេជ និង ប្រផ្នូលទាំង១០ប្រការនោះ លើស្លឹករិតជ្រលក់មាស ធ្វើជាសាស្រ្ដាពីរក្បាល មួយក្បាលយកទៅតំកល់ទុកក្នុងព្រះវាំង ហើយមួយក្បាលទៀតតំកល់ទុកក្នុងព្រះវិហារសួរ។ មិនតែប៉ុណ្ណោះព្រះអង្គបានផ្ដាំផ្ញើ និងចេញបញ្ជាប្រាប់អ្នកដែលថែរក្សាកន្លែង ពិសិដ្ឋ ឲ្យធ្វើសេចក្ដីរាយការណ៍ ទៅទូលថ្វាយព្រះអង្គភ្លាម ក្នុងខណណាដែលកើតមានអភូតហេតុប្លែកណាមួយ។ ចំពោះព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុងវិញ បើតាមពង្សាវតារវត្ដកោកកាក គ្មាននណាក្រៅអំពីនារីក្រមុំស្រុកស្រែសែនស្រស់ល្អបវរ ដែលព្រះអង្គបានឃើញ និងជួបជាគ្រាដំបូងនៅប្រទះនាង ឬ ប្រទះឡាងនោះឡើយ។ ព្រះនាមព្រះអគ្គមហេសីនេះ គេមិនបានស្គាល់ទេ ព្រះនាងបានប្រទានព្រះរាជបុត្របីព្រះអង្គដល់ព្រះស្វាមី ព្រះវត្ដិរាជ្យ ព្រះអលស្សរាជ និង ព្រះសេន្នរាជ្យ ចំណែកនៅក្នុងពង្សាវតាររបស់ សម្ដេវាំងជួន អ្នកនិពន្ធលើកយកឈ្មោះព្រះម្នាងស្វាយមកនិយាយ ដោយណត់ថា ព្រះម្នាងជាព្រះអគ្គមហេសីរបស់បក្សីចាំក្រុង។ ជាមួយ នឹង ព្រះមហាក្សត្រ ព្រះម្នាងបានមានបុត្រមួយព្រះអង្គព្រះនាម អលស្សរាជ ដែលប្រសូត្រនៅក្នុងឆ្នាំវក។ តែពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង គឺព្រះនាងពៅ ដែលជាបុត្រីរបស់ស្ដេចចាមនៅស្រុកស្អាង ព្រះនាមសេន្រ្ទាទី២។ ដូចដែលយើងបានរៀបរាប់រួចពីខាងលើ ព្រះម្នាងទេព ដែលជាព្រះមាតារបស់បក្សីចាំក្រុងត្រូវស្ដេចព្រហ្មកិល ឬពញាក្រែក ឬសន្ធពអនុរាជបញ្ជាឲ្យយកទៅសំលាប់នៅកំពង់ព្រះជិន ក្នុងស្រុកស្ទោង ពង្សាវតារវត្ដទឹកវិលបានបន្ដទៅទៀតថា ព្រះបាទបក្សីចាំក្រុងបានកសាងព្រះ វិហារមួយយ៉ាងស្អាតធ្វើអំពីថ្មភ្នំ នៅត្រង់កន្លែងដែលគេប្រហារជីវិតព្រះមាតា គឺដើម្បីរំលឹកដក់អនុស្សាវរីយ៍ដ៏ជូរចត់ រំលឹកដល់គុណព្រះមាតា ដែលបានផ្ដល់ជីវិតដល់ព្រះអង្គ និងដែលត្រូវបាត់បង់ជីវិតដោយសារតែព្រះអង្គ។ ព្រះវិហារនោះ ព្រះអង្គបានប្រទានដាក់ឈ្មោះថា វត្ដករណី ដើម ដែលក្លាយបន្ដិចម្ដងៗ ទៅជា «វត្ដក្ដីដើម» វត្ដនេះស្ថិតនៅកំពង់ចិន ស្រុកស្ទោងក្នុងខេត្ដកំពុងធំ។ វត្ដករណីដើម កសាងរួចស្រេចបាច់ កាលណា ព្រះអង្គក៏បានរៀបចំឲ្យធ្វើបុណ្យបញ្ចុះសីមា និង ឆ្លងទៅតាមទំនៀមទំលាប់ប្រពៃណី នៅក្នុងឆ្នាំឆ្លូវ។ កាលនោះស្ដេចចាមសេន្រ្ទាទី២ សោយរាជ្យគ្រប់គ្រងនៅស្រុកស្ទោង ស្ដេចចាមនៅស្រុកស្ទោង តាំងពីបុរាណកាល យូរលង់ណាស់មក ហើយ មានធ្នូសរអាវុធ ដែលមានមហិទ្ធិរិតខ្លាំងពូកែអស្ចារ្យ គឺបាញ់ម្ដងចេញព្រួញប្រាំ លឺសូរដូចរន្ទះបាញ់ជួបគ្នា ហើយបើបាញ់ទៅបះដើមឈើណាមួយ ផ្លែឈើទាំងប៉ុន្មានលើដើម នឹងត្រូវជ្រុះអស់គ្មានសល់ ធ្នូសរទាំងនេះ គេមិនអាចយកទៅដាក់លើដី លើពូក ឬលើគ្រែបានឡើយ ។ ដូច្នេះហើយ បានជាស្ដេចចាមកសាងប្រាសាទមួយធ្វើអំពីឥដ្ឋ ហើយយកសរ និងធ្នូនោះទៅព្យួរដាក់ទុកធ្វើដូចជាទោង។ ដោយសារហេតុ ភេទដូចនេះ ទើបបានជាគេ ដាក់ឈ្មោះទីកន្លែងនោះថា «សរទោង» ដែលយូរទៅៗ ក្លាយទៅជាស្ទោង។ ស្ដេចចាម ព្រះបាទសេន្រ្ទាទី២ ព្រះ អង្គមានកូនស្រីមួយឈ្មោះ ព្រះនាងពៅពិសី ដែលទើបតែមានព្រះជន្ម១៦វស្សា។ ព្រះនាងមានរូបឆោមលោមពណ៌សម្ផស្ស ល្អល្អះបវរស្រស់ ស្អាត នឹងរកអ្វីមកប្រៀបប្រដូចផ្ទឹមមិនបានឡើយ រីឯចិត្ដគំនិត កិរិយាមាយាទ រិកពារវិញសោត ក៏ល្អប្រពៃ វិសេសវិសាលកំរនឹងមាន ហើយក៏ ពិបាកនឹងរកជួបប្រទះដែរ។ ព្រះបាទបក្សីចាំក្រុង ដែលយាងទៅធ្វើបុណ្យឆ្លង វត្ដករណីដើម នៅស្រុកស្ទោងមានក្រុមមន្រ្ដីសេនារេហ៍ពលគ្រប់ជាន់ថ្នាក់ជាច្រើន ហែ ហមជូនដំណើរ ក្នុងចំណោមនោះ មាននាម៉ឺនជំនិតជាទីទុកចិត្ដរបស់ព្រះអង្គប្រាំនាក់ ដែលធ្លាប់តែជួយរៀបចំធ្វើការបំរើទឹកដីថ្វាយព្រះអង្គ ជំនិតទាំងប្រាំនាក់មានចិត្ដស្មោះត្រង់ ល្អបរិសុទ្ធសន្ដោស យុត្ដិធម៌ ហើយគោរពទៀងទាត់ធ្វើទៅតាមរាជឱង្កា និងបទបញ្ជារបស់ព្រះមហា ក្សត្រយ៉ាងត្រឹមត្រូវល្អិតល្អន់ឥតបីខ្ជោះ ឬធ្វេសប្រហែសឡើយ។ ជំនិតទាំងប្រាំមានមុខនាទី និងអំណាចធំទូលាយលើសលប់អស់មន្រ្ដីនានា ក្នុងព្រះនគរ។ ជំនិតទាំងប្រាំនោះគឺ៖ម៉ឺនប្រពៃជ័យជាតិម៉ឺនភក្ដីលោកនាថម៉ឺនជាតិសូរិវង្សម៉ឺនបំរុងក្សត្រនិង ម៉ឺនប្រពៃប្រឹក្សា។ ក្រៅអំពីកិច្ចការជាតិ ជំនិតទាំងនេះក៏តែងតែនាំគ្នាធ្វើកិច្ចការផ្សេងៗទៀត ដើម្បីបំពេញចិត្ដព្រះមហាក្សត្រដែរ។ នៅថ្ងៃបុណ្យចុងបង្ហើយ ម៉ឺនបំរុងក្សត្រ និង ម៉ឺនប្រពៃប្រឹក្សា ដែលដើរមើលរកនារីស្រស់ស្អាតទុកថ្វាយព្រះរាជា បានទៅទូលព្រះបាទបក្សីចាំក្រុងថា ខ្លួនបានឃើញ នាងពៅពិសី កូនរបស់ស្ដេចចាមសេន្រ្ទា។ ព្រះនាងមានរូបស្រស់សម្ផស្សស្អាតណាស់ ក្សត្រីមីនុំមីនាងនៅក្នុងវាំងទាំងប៉ុន្មាន មិនអាចយក មកប្រៀបផ្ទឹមជាមួយបានឡើយ។ ព្រះនាងមានភីលៀ ងពីរនាក់ ដែលត្រូវជាសង្សារបស់ពួកគេ ភីលៀងទាំងពីរ បានយល់ព្រមទៅបញ្ចុះ បញ្ចូលពន្យល់ព្រះនាងពៅពិសីឲ្យយល់ព្រមសុខចិត្ដស្រលាញ់ រួមរ័ក្សមេត្រីជាមួយនឹងព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង កន្លែងដែលជំនិតទាំងពីរ បានយល់ បានឃើញព្រះនាងពៅពិសី មានក្លាយទៅជា «ភូមិនាងសស្ងាច» ជាប់រៀងរហូតតមក។ពង្សាវតារវត្ដទឹកវិលបញ្ជាក់តទៅទៀតថា បក្សីចាំក្រុង បានស្រលាញ់ប្រតិព័ទ្ធព្រះនាងពៅ ពិសី ស្មោះស្ម័គ្រអស់ពីដួងហរិទ័យ ឥតមានចិត្ដក្បត់ចង់បោកបញ្ឆោត ឬចង់បានត្រឹមតែខ្លួន យកមកសប្បាយលេងសើចនោះឡើយ តែព្រះអង្គមិនចង់ចូលស្ដីដណ្ដឹងព្រះនាង តាមក្បួនខ្នាតទំនៀមទំលាប់ប្រពៃណីទេ ពីព្រោះព្រះអង្គខ្លាចក្រែងបិតាព្រះនាង ដែលជាស្ដេចចាមតម្រូវ និងបង្ខំព្រះអង្គព្រះអង្គឲ្យចូលប្រកាន់យកសាសនាចាម ដើម្បីឲ្យសេ្នហារបស់ព្រះអង្គ បានសំរេចដូចសេចក្ដីប្រាថ្នា កុំឲ្យមានឧបសគ្គអ្វីមករារាំងធ្វើឲ្យស្ទះដំណើរ បក្សីចាំក្រុងបានទៅសំពះបន់ ស្រន់បួងសួងសុំអ្នកតាស្ដី នៅស្រុកស្ទោងជួយដោះស្រាយ សំរួលកិច្ចការថ្វាយព្រះអង្គ។ ព្រះអង្គបានសន្យាថា «បើបានសំរេច ព្រះអង្គ និងបិទសថ្វាយ»។ ថ្ងៃ៤កើត ខែផល្គុន ឆ្នាំឆ្លូវ នាកណ្ដាលអធ្រាត ព្រះនាងពៅពិសី ដោយមានភីលៀងទាំងពីរជូន ហែរហមអមដំណើរផង បានចាកចេញពីព្រះរាជវាំងមកជួបបក្សីចាំក្រុងតាមការណត់បក្សីចាំក្រុង ក៏ចាប់ផ្ដើមនិយាយរ៉ាយរ៉ាប់អធិប្បាយពន្យល់អំពីចិត្ដស្នេហ៍ស្នងស្មោះស្ម័គ្រ ឥតព្រំដែនរបស់ព្រះអង្គចំពោះព្រះនាង ព្រះអង្គបានអង្វរសុំឲ្យព្រះនាងយល់ព្រមសុខចិត្ដរត់តាម ព្រះអង្គទៅនៅឯព្រះមហានគរ ព្រះនាងពៅពិសីដែលបានគាប់ចិត្ដស្រលាញ់បក្សីចាំក្រុងមិនបង្អង់យូរឡើយ ព្រះនាងសុខចិត្ដយល់ព្រមទៅតាមព្រះអង្គដោយឥតរារែក បក្សីចាំក្រុងដោយមានជំនិតទាំងប្រាំនាក់ជួយ ជ្រោមជ្រែងផង បាននាំព្រះនាងពៅពិសី ចុះទូកធ្វើដំណើរតំរង់ទៅ ព្រះមហានគរ។ ព្រឹកឡើងទើបព្រះបាទសេន្រ្ទាដឹងថា បុត្រីបានចុះចាកចេញពីដំណាក់ រត់ទៅតាមបក្សីចាំក្រុង។ ខឹងខ្ញាល់ អាក់អន់ស្រពន់ចិត្ដខ្លាំងណាស់ ព្រះអង្គក៏រៀបចំប្រមូលកងទ័ពយ៉ាងច្រើន ដើម្បីដេញតាមចាប់កូនស្រីយកមកវិញ កន្លែងប្រមូលប្រជុំពលរេហ៍នោះ បានក្លាយទៅជាភូមិ ហើយជាប់ឈ្មោះរៀងរហូតថា ភូមិជុំពល។ ដេញតាមមកដល់ទន្លេសាប ស្ដេចចាមក្រលេកមើលទៅឆ្ងាយឃើញទូកព្រះមហាក្សត្រខ្មែរ នៅដាច់កន្ទុយភ្នែក ព្រះអង្គក៏អស់សេចក្ដីសង្ឃឹមកើតក្ដីមួហ្មង អាម៉ាស់មុខឈឺចុកចាប់រហូតអស់ជីវិត។ ចំណែកនាងពៅពិសីវិញ ក្រោយដែលបានដឹងថា ព្រះបិតាចូលទីវង្គត់ ដោយមានព្រះស្វាមី ព្រះបាទបក្សីចាំក្រុង ជូនដំណើរមកជាមួយផង ព្រះនាងក៏វិលត្រលប់មកប្រារព្ធធ្វើពិធីបុណ្យទាន បញ្ជូនកុសលថ្វាយព្រះបិតាទៅតាមប្រពៃណី។ ព្រះនាងបានរៀបចំធ្វើផ្លូវមួយយ៉ាងធំល្អ ស្អាតសមរម្យ ខ្ពស់ផុតពីទឹក កន្លែងនោះមានឈ្មោះថា «កំពង់ពៅពិសី» រហូតមកដល់បច្ចុប្បន្ន ព្រះនាងបានបង្គាប់ឲ្យយកធ្នូ និង សរ ទៅ តំកល់ទុកកន្លែងដើម ហើយព្រះនាងក៏បានបញ្ជាឲ្យសាងអាស្រមមួយ នៅក្នុងបរិវេនបរមរាជវាំង ដើម្បីទុកថ្វាយរលឹកគុណបំណាច់ និង វិញ្ញាណក្ខន្ធរបស់ព្រះបិតា។ អាស្រមនោះមានឈ្មោះថា «អាស្រមព្រះបាទសេន្រ្ទា» ដែលក្លាយបន្ដិចម្ដងៗទៅជា «អ្នកតាសេន្រ្ទា» នៅទី កន្លែងនេះ តាមទំនៀមទំលាប់ បីឆ្នាំម្ដងៗគេត្រូវរៀបចំធ្វើពិធីបូជាយញ្ញ យកអ្នកទោសធ្ងន់មកប្រហារជីវិតថ្វាយអ្នកតា ដើម្បីសុំសេចក្ដីសុខ សប្បាយចំរុងចំរើន បើមិនដូច្នោះទេ វិញ្ញាណក្ខន្ធសម្ដេចចាមសេន្រ្ទា នឹង ចូលសន្ថិតក្នុងខ្លួនមនុស្ស ហើយនាំ បង្វក់បង្វល់បញ្ចូលចិត្ដឲ្យឆ្គួត លប់សតិ កាចសាហាវយង់ឃ្នង ក្បត់គ្នាចុះឡើង បង្កើតក្រុមជាទ័ពបះបោរ កាប់សំលាប់គ្នាឥតត្រាប្រណី កងទ័ពនេះនឹងមានកំលាំងឥទ្ធិពល ខ្លាំងក្លា ជាងកងទ័ពនានាទាំងឡាយឯទៀត។ ចាប់តាំងពីថ្ងៃនោះមក ព្រះរាជវង្សានុវង្សស្ដេចចាម នៅស្រុកស្ទោង ក៏រលាយបាត់អស់ទៅដែរ ហើយស្រុកស្ទោងក៏ត្រូវបញ្ចូលទៅ ក្នុងខេត្ដអាសន្នទុក្ខ។ ចំណែកព្រះនាងពៅពិសី កាលបើយាងមកដល់ព្រះរាជធានីព្រះមហានគរ ព្រះនាងត្រូវបានព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង តែងតាំង ឋានៈ និងផ្ដល់កិត្ដិយសជាអគ្គមហេសី។ ព្រះនាងទទួលព្រះបរមនាម ព្រះក្សត្រីភត្ដវត្ដីពៅពិសី។ ចំពោះអ្នកតាស្ដី នៅក្នុងស្រុកស្ទោងដែល បានជួយនែនាំបញ្ចុះបញ្ចូល សំរុះសំរួលចាត់ចែងធ្វើឲ្យស្នេហារបស់ព្រះអង្គបានសំរេចដូចសេចក្ដីប្រាថ្នា ព្រះអង្គមិនបានបំភ្លេចទេ ព្រះអង្គបាន យកសន្លឹកមាសទៅបិទថ្វាយអ្នកតា តាមពាក្យបំណន់ដែលបានសន្យា អ្នកតាស្ដីក៏ជាប់ឈ្មោះថា «អ្នកតាស្ដីបិទមាស» ពីថ្ងៃនោះរៀងរហូត មកដល់សព្វថ្ងៃ។ ក្នុងប្រវត្ដិព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ពង្សាវតារបស់សម្ដេចវាំងជួនបានកត់ត្រាបន្ដទៅទៀតថា តាគហេ និងយាយលក្ខណ៍ បានមានអាយុជីវិតវែងយឺនយូរ ហើយបានស្លាប់បន្ដបន្ទាប់គ្នាដោយសារជរាព្យាធិ។ ព្រះបាទបក្សីចាំក្រុងបានធ្វើពិធីបុណ្យ យ៉ាងធំអ៊ឺកធឹកបូជា សពបញ្ជូនកុសលដល់អ្នកមានគុណទាំងពីរ។ ព្រះអង្គយកអដ្ឋិធាតុ តាគហេ ទៅតំកល់ទុកក្នុងស្ដូបមួយធំស្អាត នៅទួលជ្រៃជិតវត្ដវិហារសួរ ដែលជាកន្លែងព្រះអង្គធ្លាប់បានប្រើពាក្យលេងសើច មិនសមរម្យចំពោះរូបតាគហេ កន្លែងនោះបានជាប់ឈ្មោះរហូតមកថា «ទួលគហេ» ធាតុយាយលក្ខណ៍ ព្រះអង្គយកទៅតំកល់ទុក្ខក្នុងប្រាសាទបាគោ ដែលជាភូមិកំណើតរបស់គាត់។ តែបើតាមពង្សាវតារវត្ដកោកកាក តាគហេត្រូវព្រះបាទបក្សីចាំក្រុងប្រហារវីជិត ដើម្បីគោរពទៅតាមពាក្យសច្ចៈដែលកាលពីនៅកុមារ ព្រះអង្គធ្លាប់បានមានបន្ទូលថា បើបានឡើងសោយរាជ្យមែន ព្រះអង្គ នឹងកាប់តាគហេធ្វើបុណ្យ។ ក្រោយដែលបានសំលាប់តាគហេហើយ បក្សីចាំក្រុង ក៏រៀបចំធ្វើបុណ្យជូនគាត់យ៉ាងធំឧឡារិកជាទីបំផុត។ រីឯពង្សាវតារវត្ដទឹកវិលបានសរសេរថា កាលនោះតាគហេបានអាយុ៩១ឆ្នាំ មានជំងឺហើយក៏ធ្វើមរណកាលទៅ។ បក្សីចាំក្រុង ដែលនៅនឹក ចាំពាក្យសំដីនិយាយលេងថា «កាប់តាធ្វើបុណ្យ» កាលណាបានឡើងធ្វើសេ្ដច បានយកព្រះខ័ន ទៅអូសលើសាកសពគាត់បង្រ្គាប់កិច្ច ឲ្យសម ស្របទៅតាមពាក្យសច្ចៈ បន្ទាប់មកព្រះអង្គរៀបចំធ្វើពិធីបុណ្យ យ៉ាងអធឹកអធម្មជូនតាគហេ ហើយដង្ហែរសាកសពដាក់ក្នុងស្តូបយកទៅ តំកល់ទុកឯវត្ដព្រះវិហារសួរ ព្រះអង្គបានសាងព្រះវិហារមួយនៅទីនោះ ដើម្បីប្រក់ការពារស្ដូបតាគហេ កុំឲ្យត្រូវកំដៅថ្ងៃ ភ្លៀងខ្យល់ ឬ ត្រូវ សត្វធាតុមកបៀតបៀន។ ក៏ប៉ុន្តែ តាមការដំនាលពីមាត់មួយទៅមាត់មួយដែលខ្ញុំធ្លាប់បានលឺឳពុកខ្ញុំគាត់និទានប្រាប់មក បក្សីចាំក្រុង មិនដែលមានចិត្ដព្រហើនកោង កាច ចង់សំលាប់តាគហេអ្នកមានគុណយកទៅធ្វើបុណ្យនោះទេ។ ពាក្យសំដីដែលបក្សីចាំក្រុងបានពោលនោះ ជាពាក្យលេងសើចចំអន់កំប្លុក កំប្លែងតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បក្សីចាំក្រុងជាមនុស្សយកគុណជាធំ បុព្វហេតុធំនោះ គឺព្រះអង្គជាព្រះមហាក្សត្រតំកល់ជីវិតលើត្បូង ព្រះអង្គមានព្រះឱសទិព្វ ព្រះអង្គត្រូវតែប្រកាន់នូវពាក្យសច្ចៈ គោរពនូវគ្រប់ពាក្យសំដី ដែលព្រះអង្គបាននិយាយចេញមក បានសេចក្ដីថាមិន មែនអាងខ្លួនជាអ្នកមានបុណ្យបារមីជាស្ដេច ជាអ្នកមានណាច ត្រួតត្រាលើមនុស្សប្រុសស្រីគ្រប់រូប ចេះតែប្រើអំណាចផ្ដាច់ការ ផ្លាស់ប្ដូរ យោបល់ គំនិត ពាក្យសំដី បោកប្រាសគេឯង តាមតែខ្លួននឹកនោះទេ។ ដូច្នេះហើយ បានជាទេពតាចុះមកនិមិត្ដជាសុបិន ឲ្យព្រះអង្គនឹកឃើញ ចងចាំ និងគោរពធ្វើតាមនូវអស់ពាក្យសំដីទាំងប៉ុន្មាន ដែលព្រះអង្គធ្លាប់ពោលនិយាយចេញមកក្រៅ បើព្រះអង្គមិនគោរពធ្វើតាមពាក្យសច្ចៈ ទេនោះ គុណបុណ្យបារមី ទេពតា អារុក្ខអារក្សអ្នកតាខ្មោច ព្រាយ បីសាចទាំងប៉ុន្មាន នឹងចុះមកយាយី កាច់យកអាយុជីវិតប្រជានុរាស្រ្ដ ទាំង ក្មេងទាំងចាស់ប្រុសស្រី ធ្វើអាយប្រទេសជាតិអន្ដរកប្ប ក្ដៅក្រហល់ក្រហាយ កើតចលាចលច្របូកច្របល់អន្ដរាយ ជួបគ្រោះភ័យកាច ចង្រៃ ហើយរាស្រ្ដប្រជា នឹងរងទុក្ខវេទនាព្រាត់ប្រាសជាមិនខាន ព្រះបាទបក្សីចាំក្រុង ខំធ្វើពិធីបួងសួងបន់ស្រន់គ្រប់បែបយ៉ាង ដើម្បីសុំខមា ទោស លាពាក្យសំដីមិនសមរម្យ លេងសើចអសុរស តែនៅតែមិនបានសំរេច ពីព្រោះបារមី និងវត្ថុសក្ដិសិទ្ធទាំងប៉ុន្មាន មិនយល់ព្រមអត់ អោនប្រណីលើកលែងទោស ប៉ុន្ដែបក្សីចាំក្រុងមិនអាច នឹងប្រព្រឹត្ដអំពើឧក្រិដ្ឋកម្មនេះទេ ចំពោះ តាគហេជាអ្នកមានគុណដ៏ធ្ងន់លើសលប់ លើរូបព្រះអង្គបានឡើយ។ ព្រះអង្គខំប្រឹងប្រើគ្រប់មធ្យោបាយ ធ្វើមិនដឹងធ្វើមិនលឺ គេចវេះឲ្យផុតចេញអំពីការទាមទាររបស់កំលាំងបារមី តែព្រះអង្គគេចវេះមិនផុតឡើយ។ ជារៀងរាល់យប់ ទេពតាបារមីតាមជាប់ប្រកិត ហើយនៅតែនិមិត្ដសុបិន ចុះមកទាមទារឲ្យបក្សីចាំក្រុង គោរពពាក្យសំដីសច្ចៈ ប្រហារជីវិតតាគហេ។ ដោយស្ថិតនូវក្នុងភាពទ័លច្រកដូច្នេះ ណាមួយខ្លាចប្រជាជាតិវិនាសហិនហោចអន្ដរាយ ណា មួយ តាគហេអ្នកមានគុណ ដែលព្រះអង្គមិនអាចប្រមាថអាយុជីវិតបានជាដាច់ខាត នៅទីបំផុតបក្សីចាំក្រុងក៏សំរេចចិត្ដរៀបចំឧបកិច្ចធ្វើពិធី ប្រហារជីវិតតាគហេដើម្បីបំពេញឲ្យត្រូវទៅតាមការទាមទាររបស់កំលាំងបារមី តាមវីធីរបៀបនេះ ព្រះអង្គមានជំនឿ និងសង្ឃឹមថា អាច ដោះស្រាចបញ្ហាអាយុជីវិតតាគហេផង អាចដោះស្រាយពាក្យសំដី ចំពោះ មុខទេវតា វត្ថុសក្ដិសិទ្ធទាំងពួងផង។ ព្រះអង្គឲ្យតាគហេដេកគង់លើគ្រែ ហើយយកក្រណាត់សមកដាក់គ្របដណ្ដប់ខ្លួន បន្ទាប់មកព្រះអង្គយកចុងដាវអូសថ្មមៗ លើក្រណាត់ ស ធ្វើដូចជាប្រហារជីវិត ដើម្បីធ្វើបង្ហាញបញ្ជាក់ជាការគំរប់កិច្ច តាគហេបានចែកស្ថានទៅហើយ ខ្លួនគាត់ត្រូវមានរបួសស្លាកស្នាមដាច់ត្រង់ តាមកន្លែង ដែលព្រះបាទបក្សីចាំក្រុងបានអូសមុខដាវ។ យល់ឃើញខុសផ្ទុយអំពីការប៉ាន់ស្មាន និងក្ដីសង្ឃឹមរបសង់ព្រះអង្គ បក្សីចាំក្រុងយំ ខ្សឹកខ្សួលបោកប្រាណ វេទនាទុក្ខព្រួយចំបែងវិបល្លាស ណែនចុកចាប់ក្នុងទ្រូង នឹកស្ដាយសែនស្រណោះអ្នកដ៏មានគុណ ដែលធ្លាប់បីបាច់ ចិញ្ចឹមថែរក្សាព្រះអង្គតាំងតែពីបាទជើងក្រហមរហូតដល់ធំ ហើយដែលធ្លាប់យកអាយុជីវិតមករារាំងពាំងការពារ ដោយគ្មានភ័យតក់ស្លុត។ បក្សីចាំក្រុងបានបញ្ជាឲ្យរៀបចំធ្វើបុណ្យ យ៉ាងធំគគ្រឹកគគ្រេង ថ្វាយជូនទៅលោកតាគហេដែលព្រះអង្គតែងតែចាត់ទុក នៅក្នុងគ្រប់ កាលៈទេសៈ ជាជីតា។ ប្រជាពលរដ្ឋព្រមទាំងនាម៉ឺនមុខមន្រ្ដីតូចធំក្នុងនគរ បាននាំគ្នាកាន់ទុក្ខចូលរួមមរណសញ្ញា ទូទៅទាំងប្រទេស។ រីឯ ព្រះមាតាព្រះអង្គព្រះនាងកែវ បើតាមពង្សាវតារសម្ដេចវាំងជួន ព្រះអង្គបានមានព្រះជន្មវែងយឺនយូរ ហើយព្រះអង្គបានចូលទីវង្គត់ដោយជំងឺ ចាស់ជរា។ អដ្ឋិធាតុរបស់ព្រះអង្គ ព្រះបាទបក្សីចាំក្រុង ជាកូនបានយកទៅតំកល់ទុកគោរពបូជានៅក្នុងប្រាសាទលលៃ។ ព្រះបាទសម្ដេច គម្ដែងអញប្រដែង រាជបក្សីចាំក្រុង បំរុងរាស្រ្ដ ព្រះមហាក្សត្រខ្មែរទី១៩ បានចូលទីវង្គត់ នៅឆ្នាំកុរ ក្នុង ព្រះជន្ម៧១វស្សា។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៤៤ឆ្នាំ។កំណត់សំគាល់ក្នុងរាជ្យព្រះបាទបក្សីចាំក្រុងតាមរយៈប្រវត្ដិបក្សីចាំក្រុង យើងអាចកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ និង ប្រការជាច្រើន ដែលទាក់ទងទៅនឹងចិត្ដគំនិត ទស្សនៈរបៀបគ្រប់គ្រងដឹកនាំកសាងប្រទេសជាតិ។ ១ - ប្រវត្ដិបក្សីចាំក្រុង ដែលយើងទើបលើកយកមកនិទាន ជារឿងមួយមានប្រជាប្រិយភាពណាស់ក្នុងសង្គមជាតិខ្មែរ តាំងតែពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ខ្មែរពីជំនាន់មួយទៅជំនាន់មួយ នៅស្គាល់ឈ្មោះបក្សីចាំក្រុងច្បាស់ណាស់ ទោះបីជាគេមិនបានចងចាំប្រវត្ដិបក្សីចាំក្រុងអោយបានហូរហែចប់ចុងចប់ដើមត្រឹមត្រូវក៏ដោយក្សីចាំក្រុងមានជាប់ជំពាក់យ៉ាងជិតស្និទ្ធ ទៅនឹងឈ្មោះភូមិស្រុកខេត្ដពីព្រោះឈ្មោះទន្លេបឹង ឬអូរស្ទឹង ដែលមានមួយផ្នែកធំស្ថិតក្នុងទឹកដីខ្មែរភូមិភាគខាងត្បូង ព្រឹត្ដិការណ៍ទាំងប៉ុន្មាន ក្នុងបក្សីចាំក្រុងបើយើងពិនិត្យអោយបានជិតបន្ដិចទៅ យើងឃើញហាក់បីដូចជាគេចង់គូសបញ្ជាក់ថា ប្រវត្ដិសាស្រ្ដខ្មែរទៅថ្ងៃក្រោយ នឹងត្រូវវិលវល់វិវត្ដចុះឡើងក្នុងតំបន់ភូមិភាគខាងត្បូង ទោះបីជាដូច្នេះក៏ដោយ ក៏យើងកត់សំគាល់ឃើញថា ព្រះបាទបក្សីចាំក្រុង មិនបានយកឈ្មោះរបស់ខ្លួនផ្ទាល់ទៅដាក់អោយប្រាង្គប្រាសាទ វត្ដអារាម និងទីកន្លែងទឹកដីនោះដែរ។ ឯប្រាង្គប្រាសាទមួយទៀត ដែលស្ថិតនៅខេត្ដសៀមរាប ក្នុងចំនោមប្រាសាទអង្គរក៏មានឈ្មោះថា ប្រាសាទបក្សីចាំក្រុងដែរ ប្រាសាទនេះតាមការកំនត់របស់អ្នកបូរាណវិជ្ជា បានកសាងក្នុងសតវត្សទី ១០ ភស្ដុតាងជាក់ស្ដែង ប្រាសាទបក្សីចាំក្រុងអាចបញ្ចាក់បាននូវប្រវត្ដិពិត ភាពពិតនិងកិត្យានុភាពធំធេងរបស់ព្រះអង្គ។ ម្យ៉ាងទៀត ប្រជាប្រីយភាពបក្សីចាំក្រុង ស្ថិតនៅត្រង់កន្លែងសំខាន់ៗ ដែលព្រះអង្គធ្លាប់បានទៅជ្រកកោនលាក់ខ្លួនពួនអាត្មា ដែលបានក្លាយទៅជាកន្លែងពិសិដ្ឋ ដែលខ្មែរគ្រប់ទិសទី ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ទាំងស្ដេចទាំងនាម៉ឺន មន្រ្ដីទាំងរាស្រ្ដទាំងគ្រហស្ថ ទាំងព្រះសង្ឃនាំគ្នាជឿជាក់ថា ជាកន្លែងស័ក្ដិសិទ្ធពូកែ ខ្មែរម្នាក់ៗតែងតែនាំគ្នាទៅធ្វើបុណ្យ បួងសួងបន់ស្រន់កន្លែងពិសិដ្ឋទាំងនេះមានជាអាទិ ដូចជាវត្ដវិហារសួរ ឬភ្នំប្រសិទ្ធជាដើម៘ ដូច្នេះហើយបានជាលោកថីវ ឆៃលាង អ្នកនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូប បានលើកយកប្រវត្ដិបក្សី ចាំក្រុងមកតាក់តែង ចងក្រងសរសេរជារឿងប្រលោមលោកប្រវត្ដិសាស្រ្ដ ចេញផ្សាយក្នុងឆ្នាំ ១៩៥៥។ ស្នាដៃនេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងមជ្ឈដ្ឋានខ្មែរផ្លូវថ្នល់មួយនៅទីក្រុងភ្នំពេញ ក៏បានគេដាក់ឈ្មោះថា វិថីបក្សីចាំក្រុងដែរ ក្នុងទសវត្ស៧០ ហើយតន្រ្ដីករខ្មែរខ្លះទៀត បានដាក់ឈ្មោះ វង់ភ្លេងរបស់គេថា ក្រុមតន្រ្ដីបក្សីចាំក្រុង។ ២ - តាមរយប្រវត្ដិបក្សីចាំក្រុង យើងសង្កេត និង កត់សំគាល់ឃើញថាស្ដេចខ្មែរ អ្នកកាន់អំណាចខ្មែរ គ្មាននឹកគិតឃើញអ្វីក្រៅពីរាជបល្ល័ង្គ និងអំណាចផ្ដាច់ការរបស់ខ្លួនឡើយ ស្ដេចខ្មែរ អ្នកដឹកនាំជាតិខ្មែរ មិនញញើតរុញរាទេ ក្នុងការកាប់សំលាប់ប្រជាជនជាតិឯង ដើម្បីធ្វើម្ដេចអោយខ្លួននៅជាស្ដេចជាធំ អាចក្រាញអោបកាន់ក្ដាប់អំណាច អង្គុយលើរាជបល្ល័ង្គ ទោះបីខ្លួនអិតមានសមត្ថភាព ហើយនាំមកតែទុក្ខទោសវេទនា សង្រ្គាមព្រាត់ប្រាស់ អន្ដរាយដល់ប្រជានុរាស្រ្ដ។ ត្រង់សមត្ថភាពនេះ ក្នុងប្រវត្ដិបក្សីចាំក្រុង ស្ដេច រឺអ្នកដឹកនាំខ្មែរមិនដែលសុខចិត្ដយល់ព្រមទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាព ថាខ្លួនទាល់ប្រាជ្ញ ថាខ្លួនអន់ ថាខ្លួនធ្វើខុស ថាខ្លួនធ្វើមិនកើតឡើយ។ ក្នុងប្រវត្ដិសាស្រ្ដខ្មែររហូតមកដល់បច្ចុប្បន្ននេះ គេមិនដែលបានឃើញ បានជួបប្រទះអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ រឺអ្នកទទួលខុសត្រូវខ្មែរណាម្នាក់មានសេចក្ដីក្លាហាន ហ៊ានអះអាងទទួលស្គាល់ សារភាពកំហុស អំពើប្រការឆ្គាំឆ្គងណានិមួយរបស់ខ្លួនឡើយ។ បើគេស្គាល់ដឹកនាំនគរ អ្នកនយោបាយខ្មែរគ្រប់ច្រកល្ហក គ្រប់បក្សគ្រប់ពួកទៅ យើងឃើញថាគ្មានណាមួយអាក្រក់ រឺគ្មានសមត្ថភាពសោះឡើយ។ ម្នាក់ៗសុទ្ធតែមានចំណេះ ចេះដឹងមានសមត្ថភាពពេញខ្លួន ហើយខ្លាំងពូកែអស្ចារ្យ គ្មាននរណាអាចមកប្រៀបផ្ទឹមអោយស្មើពុំបាន។ ម្នាក់ៗសុទ្ធតែស្រលាញ់ជាតិ ស្ទើរតែលេបជាតិនោះមិនអោយសេសសល់។ ឯលទ្ធផលចុងក្រោយនៅទីបំផុត គឺប្រទេសខ្មែរចេះតែរួញទៅៗ ខើចទៅៗ តូចទៅៗជាលំដាប់។ ភោគសម្បត្ដិកេរ្ដិ៍អាករដូនតាខ្មែរ ចេះតែរលេះបាត់បន្ដិចម្ដងៗ ហើយរាស្រ្ដខ្មែរចេះតែរងទុក្ខវេទនា ស្លាប់ព្រាត់ប្រាសរត់ចោលស្រុក ក្រទៅៗ ជាលំដាប់លំដោយគ្មានពេលល្ហែល្ហើយ តាំងតែពីចុងសត្សទី១៦ សម័យបន្ទាយលង្វែកត្រូវបែកខ្ចាត់ខ្ចាយ ក្រោមកំលាំងទ័ពសៀម ខ្មែរជួបប្រទះតែភ្លើងសង្គ្រាម បង្ហូរឈាមស្លាប់បាត់បង់ជីវិតអស់រាប់លាននាក់ ព្រាត់ប្រាស ក្រុមញាតិគ្រួសារ អត់បាយអត់ទឹក អត់ផ្ទះសំបែង អត់ថ្នាំសង្កូវ រងទុក្ខព្រួយសោកសង្រេងមិនចេះចប់មិនចេះហើយ គ្មានចេះស្រាកស្រាន្ដទាល់តែសោះ។ តើនេះជាកំហុសអ្នកណា? តើអ្នកណា ជាអ្នកទទួលខុសត្រូវ ចំពោះវិញ្ញាណខ័ន្ធបុព្វបុរសខ្មែរ? បើអ្នកដឹកនាំខ្មែរម្នាក់ៗ សុទ្ធតែល្អត្រឹមត្រូវ បរិសុទ្ធមានសមត្ថភាពគ្រប់គ្រាន់ ហើយចេះស្រលាញ់ជាតិ បំរើរាស្រ្ដឥតមានខ្ចោះ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ចាប់ពីសម័យក្រោយលង្វែក ខ្មែរយើងមិនដែលចេះរករូបមន្ដ រកច្រករកផ្លូវ ដោះស្រាយបញ្ហា អាយុជីវិតស្រុកទេសដោយខ្លួនឯងឡើយ។ ខ្មែរតែងតែរត់ទៅរកបរទេសអោយមកជួយដោះស្រាយជំនួស ហើយជឿតែលើបរទេសទៅវិញ។ គេមានជំនឿទៅលើបរទេសជាជាងមានជំនឿទៅលើអ្នកមានបុណ្យ អ្នកចេះដឹង អ្នក មានសមត្ថភាពខ្មែរ។ ៣ - ដូច្នេះស្ដេចខ្មែរ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែស្អប់ខ្ពើមត្រូវតែកំចាត់ត្រូវតែសំលាប់បំផ្លិចបំផ្លាញក្ដិចចោលចេញអស់ពួកអ្នកមានបុណ្យមានសមត្ថភាពចេះដឹង មានប្រាជ្ញាឈ្លាសវៃជាងខ្លួន ពោលអោយចំ គេចាត់ទុកអ្នកចេះដឹង ឬអ្នកមានបុណ្យជាសត្រូវធំចំពោះរាជបល្ល័ង្គ ឬការគ្រប់គ្រងរបស់គេ។ គេត្រូវនាំគ្នាចាត់វិធានការ ផ្ដាច់ជីវិតកំចាត់អ្នកមានបុណ្យ អោយបាត់ស្រមោល។ អ្នកមានបុណ្យ គឺអ្នកចេះដឹងជ្រៅជ្រះអ្នកមានសមត្ថភាព អាចនាំមកនូវពន្លឺ នូវសេចក្ដីសង្ឃឹមមួយថ្មីសំរាប់ប្រជាជន ដែលគេត្រូវជិះជាន់ ធ្វើទុក្ខបុកម្និញបំបិទមាត់បំបិទភ្នែកបំបិទត្រចៀក បំបិទអស់សិទ្ធិសេរីភាព។ វត្ដមានអ្នកមានបុណ្យ ឬ អ្នកចេះដឹង ឬ អ្នកមានសមត្ថភាព អាចធ្វើអោយរង្គោះរង្គើអំណាចរបស់ស្ដេចអ្នកដឹកនាំប្រទេសជាតិ គឺធ្វើអោយខ្លួនខាតប្រយោជន៍របស់ស្ដេច របស់ក្រុមពពួកអ្នកកាន់អំណាចផ្ដាច់ការ ដែលគិតតែប្រវ័ញ្ចជាន់ឈ្លី ធ្វើស្រែលើខ្នងរាស្រ្ដ។ យល់ដូចនេះហើយ ទើបបានជាស្ដេច និងក្រុមអ្នកដឹកនាំជាតិ ដែលគិតតែអំណាចផ្ដាច់ការនិងប្រយោ ជន៍ផ្ទាល់ខ្លួន ក្រុមបក្សពួក នាំគ្នាកំចាត់កាប់ចាក់សំលាប់ចោលអោយអស់ ពួកអ្នកមានបុណ្យអ្នកចេះដឹងរៀនសូត្រមានវិជ្ជា និងអ្នកដែលមានសមត្ថភាពអាចកសាងស្រោចស្រង់ប្រទេសជាតិបាន។ ស្ដេចព្រហ្មកិលភ័យព្រួយបារម្ភ ខ្លាចអស់រាជបល្ល័ង្គណាស់នៅពេលដែលដឹងថា អ្នកមានបុណ្យបានមកចាប់កំណើតបាន ១០ខែហើយ។ ស្ដេចពញាក្រែក ឬព្រហ្មកិល ដើម្បីការពារ ថែរក្សាអំណាចរាជបល្ល័ង្គរបស់ខ្លួន បានចេញបញ្ជា អោយពលទាហានសេនាមន្រ្ដីតូចធំ ចាប់ស្រ្ដីទាំអស់ក្នុងនគរ ដែលមានផ្ទៃពោះគំរប់១០ខែ យកទៅសំលាប់ចោលកុំអោយមានសល់មួយ។ នៅពេលដែលដឹងថាអ្នកមានបុណ្យមិនទាន់ស្លាប់ ពញាក្រែក ឬព្រហ្មកិល ក៏លើកទ័ពទីងច្រើនកុះករដេញតាមចាប់សំលាប់បក្សីចាំក្រុង និងតាគហេ ទោះបីជាដឹងថាកុមានេះ ជាប់សាច់ឈាមជ័រជាបងប្អូនបង្កើតនឹងខ្លួនក៏ដោយ។ ព្រឹត្ដិការណ៍ក្នុងប្រវត្ដិស្ដេចបក្សីចាំក្រុង អាចឆ្លុះនាំយើងអោយឃើញព្រឹត្ដិការណ៍ផ្សែងៗឯទៀត ក្នុងប្រវត្ដិសាស្រ្តខ្មែរ ដែលមានរៀងរហូតមកដល់បច្ចុប្បន្ន។ ភស្ដុតាងជាក់ស្ដែងថ្មីៗ ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គោលជំហរ ទិសដៅធំបំផុត របស់ពួកពេជ្ឈឃាតទាំងនេះគឺត្រូវធ្វើដូចម្ដេចចាប់កាប់សំលាប់អ្នកមានបុណ្យឬអ្នកមានវិជ្ជាចំ នេះចេះដឹង រឺ អ្នកមានសមត្ថភាព អ្នកមានបុណ្យអ្នកមានវិជ្ជាអ្នកមានសមត្ថភាព ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គេមិនចាំបាច់យកបាទដៃបាទជើងទៅដាក់លើម្សៅរកមើលកងចក្រដូចសម័យកាលបក្សីចាំក្រុងនោះទេ!។ ជនណា ខ្មែរណា មានពាក់វែនតា មានសំបុរជ្រះ ឬចេះអានអក្សរបន្ដិចបន្ដួច អ្នកនោះហើយដែលគេចោទប្រកាន់ថា ជាអ្នកមានបុណ្យ ជាបញ្ញវ័ន្ដ ជាអ្នកចេះដឹង ជាខ្មាំងប្រតិកិរិយាប្រឆាំងនឹងអង្ការ នឹងបក្ស នឹងបដិវត្ដន៍៘ និង ៘ ម្យ៉ាងវិញទៀត បន្ទាប់ពីការកាប់សំលាប់រង្គាល ដើម្បីរារាំងកុំអាយអ្នកមានបុណ្យចាប់កំនើតកើតមកបាន គេត្រូវធ្វើដូចម្ដេចអោយបណ្ដារាស្រ្ដល្ងង់ខ្លៅស្ថិតក្នុងភាពអវិជ្ជា កាលណារាស្រ្ដល្ងង់ខ្លៅ មិនដឹងខ្យល់ មិនស្គាល់ទិសតំបន់ ពេលនោះពួកអ្នកដឹកនាំកាន់អំណាចអាចធ្វើតាមតែអំពើចិត្ដរបស់ខ្លួន ដោយគ្មានភ័យបារម្ភខ្លាចប្រជាជនជំទាស់ ប្រឆាំងដាក់កំហុស ឬកាត់ទោសឡើយ។ ក្នុងទស្សនៈនេះ គេនាំគ្នាវាយបំបាក់បំបែកប្រាង្គប្រាសាទ រូបចំលាក់ ដុតបំផ្លាញគម្ពីរក្បួ នខ្នាតវត្តអារាម ដែលជាគ្រិះមូលដ្ឋានមួយនៃវប្បធម៌ជាតិខ្មែរ ភស្ដុតាងមិនមែនមានតែក្នុងអតីតកាលប៉ុណ្ណោះទេ! នៅពេលថ្មីៗ ក្នុងសម័យខ្មែរក្រហមប្រល័យពូជសាសន៍ យើងបានស្គាស់ហើយរបៀបឃោឃៅយង់ឃ្នងជួរជាតិ ហួសវិស័យ កាប់សំលាប់រំគៀល និង បំផ្លិចបំផ្លាញរំលំរំលើងរិសគល់ជាតិ ពួកមនុស្សផ្ដាច់ការព្រៃផ្សៃ ស្រេកឈាមទាំងនេះដែលស្រលាញ់តែអំណាច ហើយលក់ដូរតែសម្បត្ដិជាតិ គ្មានចិត្ដគំនិត អារម្មណ៍ រវីរវល់អំពីបញ្ហាអប់រំជាតិទេ គេ ត្រូវតែប្រើគ្រប់មធ្យោបាយរារាំង បំបិតបំបាំងប្រជាពលរដ្ឋ មិនអោយមានលទ្ធភាពក្រេបជញ្ជាក់ ចំណេះវិជ្ជាថ្មីៗ គោលគំនិតទ្រឹស្ដីថ្មីៗ និងវប្បធម៌អរិយធម៌ផ្សេងៗមធ្យោបាយដែលគេយកមកអនុវត្ដន៍នោះ មានការប្រើវិធីគំរាមកំហែ ង សំលុតបំភ័យបំភាន់មតិ សតិអារម្មណ៍ ចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាក្បត់ជាតិ ចាប់ឃុំឃាំង ធ្វើទារុណកម្ម ឬសំលាប់បំបាត់ដានជាដើម៘ ត្រង់ចំនុចនេះក្នុងប្រវត្ដិសាស្រ្តខ្មែរ យើងសង្កេតឃើញថា អ្នកគ្រប់គ្រងប្រទេសជាតិខ្មែរតែងតែចាត់ទុកអ្នកមានបុណ្យ ឬអ្នកចេះដឹងមានចំណេះវិជ្ជា ជាសត្រូវធំងាប់រស់របស់គេ។ គេមិននិយមប្រមែប្រមូលយកអ្នកមានបុណ្យ អ្នកមានសមត្ថភាពទាំងនេះ មកអោយនៅជុំជិតសំរាប់ពិភាក្សា ជួយធ្វើការដោះស្រាយបញ្ហាប្រទេសជាតិឡើយ។ ស្ដេចខ្មែរ ឬអ្នកដឹកនាំខ្មែរចូលចិត្ដតែមនុស្សល្ងង់ខ្លៅ ឡែបឡបឡេមឡើម គ្មានសមត្ថភាព ដែលគ្មានចេះអ្វីក្រៅអំពីលុតជង្គង់ លើកសំពះប្រណម្យ ឆ្លើយ «ព្រះបាទៗ» ធ្វើត្រាប់តាមដូចសត្វសេកនាះឡើយ។ ចំណូលចិត្ដរបៀបនេះធ្វើអោយគេយល់ច្រលំ អំពីចិត្ដគំនិតទស្សនៈរបស់ក្រុមអ្នកមានបុណ្យ អ្នកដែលមានចំណេះវិជ្ជា មានសត្ថភាព អ្នកមានបុណ្យ មិនអាច នឹងដាក់ខ្លួនលុតជង្គង់សុំបុណ្យ អ្នកឥតមានសមត្ថភាពឡើយ។ ម្យ៉ាងវិញទៀត ស្ដេចខ្មែរ អ្នកនយោបាយខ្មែរតែងតែយល់ច្រលំ មានជំនឿថា ខ្លួនអាចរស់នៅកាន់អំណាចជាអមតៈ ថាអំណាចនេះ ទឹកដីនេះ ជាសម្បត្ដិដាច់មុខរបស់ពួកខ្លួន។ អ្នកទាំងនោះមិនដែលនឹកគិតពិចារណាថា បើគ្មានអ្នកមានបុណ្យអ្នកចេះដឹង អ្នកមានសមត្ថភាពទេនោះប្រទេសជាតិ នឹងត្រូវទ្រុឌទ្រោមធ្លាក់ចុះដុនដាបអន់ថយវិនាសអន្ដរាយ ហើយគ្រានោះ ពួកខ្លួនក៏ត្រូវធ្លាក់ទឹក រត់ប្រាស់ចោលនគរដែរ។ តែប្រសិនបើមានអ្នកមានបុណ្យ បើរាស្រ្ដមានការ ចេះដឹងមានសមត្ថភាពគ្រប់គ្រាន់ ខ្លាំងពូកែមាំមួន សំបូរសប្បាយនោះខ្លួនក៏មានកិត្ដិយស មានប្រជាពលរដ្ឋស្រលាញ់ គោរពរាប់អានកោតខ្លាច និង មានកិត្យានុភាពលើពិភពលោក។ អ្វីដែលអ្នកកាន់អំណាចផ្ដាច់ការ និងអ្នកនយោបាយខ្មែរនឹកមិនដល់នោះ ក្នុងពេលដែលកំពុងតែកាប់សំលាប់ កំទេចបំផ្លាញអ្នកមានបុណ្យ គឺពួកគេកំពុងតែរំលាយរំលំបំផ្លិចបំផ្លាញព្រលឹងជាតិ ធ្វើអោយជាតិចុះអន់ថយទន់ខ្សោយដុនដាប ហើយពួកគេក៏កំពុងតែបំរើផលប្រយោជន៍បរទេសដែរ។ ក្នុងប្រវត្ដិបក្សីចាំក្រុង មិនមែនមានតែការថ្កោលទោស ដាក់កំហុសចំពោះស្ដេច ឬ អ្នកដឹកនាំជាតិ ដែលគិតតែអំពីរាជបល្ល័ង្គ អំណាចផ្ដាច់ការ និងដេញកាប់សំលាប់ បំផ្លាញអោយអស់អ្នកមានបុណ្យ ឬ អ្នកចេះដឹងមានសមត្ថភាពប៉ុណ្ណោះទេ យើងកត់សំគាល់ឃើញមានដែរ ការបង្កប់នូវទស្សនៈទ្រឹស្ដីនយោបាយដែលទុកជាមេរៀនសំរាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិអោយបានល្អប្រសើរ។ ១ - ជាពិសេស ក្នុងការស្វែងរកសន្តិភាព គេត្រូវរិះរកគិតពិចារណា ធ្វើដូចម្ដេចជៀសវាង គេចអោយផុត កុំអោយមានសង្គ្រាម ដែលជាប្រភពនាំមកនូវគ្រប់ផលអាក្រក់ និង មហន្ដរាយគ្រប់ប្រភេទ ដល់ប្រជានុរាស្ដ្រ និង អាយុជីវិតប្រទេ សជាតិ។ ព្រះបាទគោតម្ដ អមរទេវរាជ ឬដំបងគ្រញូង ព្រះមហាក្សត្រខ្មែរទី១៧ កាលដឹងជាក់ច្បាស់ថាខ្លួនអស់បុណ្យ លែងមានសមត្ថភាព ព្រះអង្គសុខចិត្ដសុំចុះចាញ់អ្នកមានបុណ្យថ្មី ស្ដេចពញាក្រែក ឬព្រហ្មកិល។ ព្រះអង្គសុខចិត្ដបោះបង់ ដើរចាកចោលចេញពីព្រះរាជបល្ល័ង្គ ពីអំណាចដើម្បីជៀងវាងកុំអោយមានចំបាំងរាំងជល ដែលធ្វើអោយរាស្រ្ដរង ទុក្ខវេទនាព្រាត់ប្រាសក្រុមញាតិគ្រួសារ ដោយសារព្រះអង្គ។ ព្រះបាទបក្សីចាំក្រុងបំរុងរាស្រ្ដ ទោះបីព្រះអង្គដឹងខ្លួនជាអ្នកមានបុណ្យ ហើយធ្លាប់រងទុក្ខទោសវេទនាមិនចេះចប់ ដោយសារស្ដេចពញាក្រែកក៏ដោយ ក៏ព្រះអង្គមិនបានចេញមុខ បង្កបង្កើតទ័ព ធ្វើអោយមានចលាចលទៅច្បាំងទល់ នឹង ស្ដេចអង្គនេះ ដើម្បីដណ្ដើមយករាជសម្បត្ដិដែរ ព្រះអង្គមិនបានយកគំនុំគុំគួនផ្ទាល់ខ្លួនមកដាក់លាយលំ លេងសើចនឹង បញ្ហាអាយុជីវិតប្រទេសជាតិឡើយ ព្រះអង្គសុខចិត្ដលាក់ខ្លួនពួនអាត្មា រស់នៅដាច់ស្រយាលឆ្ងាយអំពីព្រះមហានគរ។ ពីព្រោះព្រះអង្គធ្លាប់ស្គាល់ច្បាស់ណាស់ អ្វីទៅដែលជាការព្រាត់ប្រាសក្រុមញាតិគ្រួសារ អ្វីទៅដែលជាការរត់ចោលស្រុកភូមិកំណើត អ្វីទៅដែលជាការរងទុក្ខវេទនា ស្រេកឃ្លានគ្មានទីពឹងពុំនាក់ ឈឺចុកចាប់ខ្លោចផ្សា៘ ព្រះអង្គមិនចង់អោយប្រជានុរាស្ដ្រ និង នគររបស់ព្រះអង្គ ជួបប្រទះ នឹង មហន្ដរាយគ្រោះកាចទាំងនេះ ហើយប្រែក្លាយទៅជាទន់ខ្សោយ ដោយសារសង្រ្គាម និងការបែកបាក់គ្នា។ ២ - ក្នុងការគ្រប់គ្រង ដឹកនាំប្រទេសជាតិ ស្ដេចអ្នកដឹកនាំ អ្នកនយោបាយត្រូវតែប្រកាន់នូវពាក្យសច្ចៈ ទសពិធយុត្ដិធម៌ ពាក្យដែលនិយាយចេញមកមួយមាត់ៗ សុទ្ធតែមានគេចាំកត់ត្រា គេចាំស្ដាប់ចងចាំ សុទ្ធតែមានន័យ មានខ្លឹមសារមានទំងន់អាចធ្វើអោយស្រុកទេសក្លាយទៅជាល្អក៏បានទៅជាអាក្រក់ក៏បាន ពាក្យទាំងនោះសោត ទោះខ្លួនជាស្ដេចផែនដី ជាមេដឹកនាំប្រទេសជាតិ មានអំណាចផ្ដាច់ការខ្លាំងក្លាមហិមាដូចម្ដេចក៏ដោយ ក៏មិនអាចនឹងដោះដូរ ផ្លាស់ប្ដូរកែបន្លំ ភូតភកុហក បំភ្លេចកាយកប់ត្រលប់ចោល ឬមិនគោរពបានឡើយ។ អ្នកដែលហានផ្លាស់ប្ដូរបំភ្លេចមិនគោរពពាក្យសំដីរបស់ខ្លួន គ្មានសច្ចៈធម៌ អ្នកនោះក៏ដូចជាបានក្បត់បណ្ដារាស្រ្ដ និងប្រទេសជាតិរបស់ខ្លួនដែរ។ ប្រសិនបើស្ដេច ឬ អ្នកដឹកនាំ ឬ អ្នកនយោបាយខ្មែរ មិនប្រកាន់ពាក្យសច្ចៈបំភ្លេចពាក្យសំដីរបស់ខ្លួន ប្ដូរចុះប្ដូរឡើងមិនចេះចប់ មិនចេះហើយ ភូតភរបោកប្រាស់ប្រជាពលរដ្ឋមិនចេះហត់ នោះប្រទេសជាតិ នឹង កើតក្ដីក្ដៅក្រហល់ក្រហាយ រំជើបរំជួលប៉ះទង្គិចចលាចលច្របូកច្របល់អន្ដរាយជាមិនខាន។ ពេលនោះ ទោះបីជាខំប្រឹងធ្វើបុណ្យធ្វើទាន មានលុយមានកាក់ច្រើនសំបូណ៌ហូរហៀរយកទៅទិញ ឬយកទៅជះដូចម្ដេចក៏ដោយ ក៏ស្ដេចនោះ អ្នកនយោបាយនោះ រត់ទៅណាមិនរួចដែរ។ ស្ដេចនោះ អ្នកនយោបាយនោះ នៅជាប់ជំពាក់ពាក្យសំដីរបស់ខ្លួនរៀងរហូតជានិច្ចលុះអវសានលោក ហើយអ្នកដែលធ្លាប់បោកបញ្ឆោតរាស្រ្ដល្ងង់ខ្លៅដូច្នេះ ធ្វើម្ដេចនឹងអោយគេជឿបានតទៅអនាគត ព្រះបាទបក្សីចាំក្រុង ព្រោះតែពាក្យសំដីចំអន់លេងសើច ដោយស្មានថាពាក្យសំដីទាំងប៉ុន្មានរបស់ព្រះអង្គ គ្មានន័យគ្មានផលរមាស់ ត្រូវគ្រប់កំលាំងបារមី និងវត្ថុស័ក្ដិសិទ្ធយាងចុះមកប្រមានប្រដែប្រដៅអោយគោរពធ្វើតាមពាក្យពេចន៍ ដែលពោលនិយាយចេញមក ពីព្រោះពាក្យសំដីរបស់ស្ដេច ឬអ្នកដឹកនាំនគរ ដែលហារខ្ជាក់ចេញមកជាពាក្យសច្ចៈ។ បក្សីចាំក្រុងខំប្រឹងរៀបចំធ្វើពិធីឧបកិច្ច ប្រលែប្រលំបោកបញ្ឆោតទេវតាដែរ តែបារមីទាំងអស់នៅតែមិនព្រមទទួល និង សុខចិត្ដ ទេវតា និង វត្ថុសក្ដិសិទ្ធនៅតែទាមទារអោយគោរពធ្វើតាមពាក្យសច្ចៈ បើពុំដូច្នោះទេ នឹងមកផ្ដាច់យកអាយុជីវិតប្រជាពលរដ្ឋ ហើយនិង ធ្វើអោយនគរស្រុកទេសទាំងមូល ជួបប្រទះតែទុក្ខភ័យវេទនាវិនាសអន្ដរាយហិនហោចព្រាត់ប្រាសគ្នាជាមិនខាន បើគោរពតាមពាក្យសច្ចៈ ដើម្បីប្រទេសជាតិ បក្សីចាំក្រុងត្រូវដាច់ចិត្ដលះបង់ប្រហារជីវិតលោកតាគហេ អ្នកមានគុណដ៏ធំ និងដ៏ធ្ងន់របស់ព្រះអង្គ។ ៣ -លក្ខណៈពិសេសមួយទៀត របស់ព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ គឺត្រូវចេះ ត្រូវស្គាល់អ្វីដែលជាគុណ និងជាសន្ដោសមេត្ដាធម៌គុណ គឺសុភាវធម៌ដែលនាំមកនូវសេចក្ដីល្អ នូវសេចក្ដីចំរុងចំរើន បុគ្គលដែលយកគុណ សន្ដោសមេត្ដាធម៌មកធ្វើជាគោលការណ៍ក្នុងជីវិត ឬក្នុងការគ្រប់គ្រង រៀបចំដឹកនាំកសាងប្រទេសជាតិ បុគ្គលនោះមិន អាចក្លាយទៅជាមនុស្សឃោឃៅសាហាវយង់ឃ្នងស្រេកឃ្លានឈាមសង្គ្រាម និងស្រលាញ់អំណាចផ្ដាច់ការឡើយ។ គ្រានោះនគរ ប្រជាពលរដ្ឋ នឹង បានទទួលនូវសាមគ្គីភាព សន្ដិភាពការសប្បាយរីករាយត្រជាក់ត្រជុំ និងការរីកចំរើន លូតលាស់ជាមិនខាន។ ព្រះបាទបក្សីចាំក្រុង ក្នុងជីវិតរបស់ព្រះអង្គ ព្រះអង្គពុំដែលបំភ្លេចគុណនរណាម្នាក់ ដែលធ្លាប់បានធ្វើល្អចំពោះរូបព្រះអង្គឡើយ សូម្បីតែជាសត្វដូចជាស្ដេចកណ្ដុរស សូម្បីតែកន្លែងទឹកដីរហោឋាន អ្នកតាដែលឥតវិញ្ញាណ ក៏ព្រះអង្គធ្វើបុណ្យរំលឹកគុណ មិនដែលអាក់ខានដែរ ផ្ទុយទៅវិញ ព្រះរាជា ឬអ្នកដឹកនាំដែលកាចសាហាវយង់ឃ្នង មិនស្គាល់គុណ មិនស្គាល់បុណ្យបាប គ្មានសន្ដោសមេត្ដាធម៌ មិនអាចនៅស្ថិតស្ថេរគ្រប់គ្រងប្រទេសជាតិបានយូរលង់អង្វែងឡើយ។ ប្រជាពលរដ្ឋនឹងស្អប់ខ្ពើម ដកទំនុកទុកចិត្ដ គ្មានជំនឿទៅលើ លែងអោយតំលៃ លែងគោរព ហើយប្រវត្ដិសាស្រ្ដនឹងវិនិច្ឆ័យ ផ្ដន់ទាទោស សួរពូជជាប់រៀងរហូតដល់អវសាន្ដលោកដែរ ហើយបាបកម្មនោះ នឹងតាមកដល់ទាន់ហន់ភ្នែកស្រស់ ទាមទារអោយសងបំណុលភ្លាមៗ ជាមិនខាន។ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និង ឈ្មោះ ព្រះរាជបុត្ររបស់ព្រះបាទបក្សីចាំក្រុង។ ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្សត្រ ក្នុងឆ្នាំវក ប្រសូត្របានបុត្រមួយព្រះអង្គព្រះនាម អលស្សរាជ្យ។ព្រះបាទអលស្សរាជក្រោយដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទិវង្គត ព្រះរាជបុត្រព្រះអលស្សរាជ្យ បានឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា បន្ដពីព្រះអង្គ។ ព្រះរាជអភិសេកបានរៀបចំឡើងយ៉ាងអ៊ឹកធឹក នៅមហានគរនៅថ្ងៃ ១៣កើត ខែបុស្ស ឆ្នាំកុរ ព.ស.១៦១៥ ត្រូវជាម.ស.៩៩៣ ច.ស៤៣៣ និងត្រូវជា គ.ស ១០៧១។ កាលនោះព្រះ អង្គព្រះជ ន្ម ១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រទី២០។ ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសម្ដេច ព្រះអលស្សវរោរង្សីជាតិក្សត្រាមហារាជាធិរាជ។ ស្ដេចអង្គនេះខ្ជិល ណាស់ ដូច្នេះហើយបានជាប្រជានុរាស្ដ្រដាក់ឈ្មោះអោយថា «ស្ដេចកំជិលផេះ»។ ក្នុងឆ្នាំជូត ជាមួយនឹងព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា ក្នុងឆ្នាំខាលព្រះនាងមៃ ប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ហកុមារ(១)។ ព្រះបាទអលស្សរាជ្យសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន ៤១ឆ្នាំ ហើយបានចូលទិវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៥៦វស្សាដោយមានជំងឺយ៉ាងទំងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរបស់ព្រះអលស្សរាជ្យ ត្រូវឡើងសោយរាជបន្ដពីបិតា។ព្រះបាទវុឌ្ឍិយា ពិធីអភិសេកព្រះវុឌ្ឍិយា ជាព្រះមហាក្សត្រប្រទេសកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃជាពាលាល្អ ថ្ងៃ១១កើត ខែកត្ដិក ឆ្នាំជូ ត ព.ស.១៦៥៥ ត្រូវជា ម.ស.១០៣៣ ច.ស ៤៧៣ និងត្រូវជា គ.ស.១១១១។ កាលនោះ ព្រះអង្គមានព្រះជន្ម ១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២១ ព្រះអង្គបានទទួលព្រះគោរមនាមព្រះបាទសម្ដេចវុឌ្ឍិយាមហានគររិន្រ្ទ រាជានិរាជ បរមបពិត្រ ព្រះរាជវាំងស្ថិតនៅមហានគរដដែល។ ព្រះអង្គនិយមចូលចិត្ដកំនាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើអោយអ្នកស្រុកអ្នកភូមិដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំណែកប្អូនរបស់ព្រះអង្គ ព្រះសិង្ហកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូលចិត្ដតែឆ្ងល់ ចោទជាសំនួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្រ្ដដាក់ព្រះនាមថ្វាយថា ស្ដេចក័ង្ខា ឬស្ដេចតាក្រែង។ ព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៧ឆ្នាំ ដោយសារមានជម្ងឺជាទំងន់ ព្រះមហាក្សត្រខ្មែរទី២០ បានចូលទិវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម៥២វស្សា។ នាម៉ឺនមុខមន្រ្តីទាំងអស់គ្នា បានមូលមតិចុះសំរុង ទៅសុំយាងព្រះសិង្ហកុមារ អោយឡើងសោយរាជ្យបន្ដអំពីបង។ព្រះបាទសិង្ហក័ង្ហ ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះសិង្ហកុមារបានទទួលព្រះរាជអភិសេក ជាព្រះមហាក្សត្រខ្មែរទី២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះអង្គគឺ ព្រះបាទសិង្ហក័ង្ហា មហារាជាធិ រាជ។ ពង្សាវតារសម្ដេចវាំងជួនបានកត់សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិមួយៗ ព្រះអង្គត្រិះរិះគិតពិចារណា វែកញែកល្អិតល្អន់គ្រប់ជ្រុងគ្រប់ជ្រោយ មិនដែលធ្វេសប្រហែស ដូច្នេះហើយ អ្វីដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយសារគុណសម្បត្ដិនេះ ទើបបានគេនាំគ្នាថ្វាយព្រះនាមព្រះអង្គថា ស្ដេចក្រែង ឬស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្របានព្រះរាជបុត្រមួយអង្គព្រះនាមសេនក្ករាជ។ ក្រោយដែលបានសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុងព្រះជន្ម ៨៦វស្សាដោយជរាព្យាធិ ព្រះរាជបុត្រព្រះសេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ សុំយាងអោយឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបន្ដព្រះរាជវង្សពីព្រះបិតា។កំនត់សំគាល់ ១ - ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសម្ដេចសង្ឃនាយកទៀង ដែលក្នុងនោះ មានសម្ដេចសង្ឃនាយកប៉ាន់ដែរ បានតាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមបទុមវង្ស ស្ដេចអង្គនេះដែលបានយាងទៅកំសាន្ដនៅទួលបាសាន បានជួបស្រលាញ់ និងរៀបការជាមួយនាងនាគ។ ព្រះអង្គប្រសូត្របានពង ដែលជាពញារោង និងបុត្រមួយព្រះអង្គទៀត ដែលមានភ្នែកទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។ ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្ដេចកំជិលផេះស្ដេចអង្គនេះសោយរាជនគរខ្មែរបាន ១៩០ឆ្នាំ។ ២ - ចំណែកឯពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស តែព្រះបទុមសូរ្យវង្សជាកូនរបស់ព្រះបាទអាទិតវង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែក អ្នកព្រះម៉ែនាងបទុមកេសរ បានព្រះរាជបុត្រស្ដេចកំជិលក្នុងឆ្នាំវក ហើយក្នុងឆ្នាំចរ ព្រះនាងប្រសូត្របានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះ ខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង ៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់សំរាក ផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជ្យប្រទេសកម្ពុជា ទេពតាក៏ជប់ដំណែងអោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចាប់សត្វនោះជាប់ ហើយហុចអោយក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុងពេលជាមួយគ្នានោះដែរទេវតាធ្វើអោយស្រក់ទឹកអំរិតមកលើព្រះអង្គ ភ្លាម មួយរំពេចនោះដែរ ពញាកំជិលផេះ ក៏ចេះចាំស្ទាត់គ្មានភ្លេចភ្លាត់អ្វីទាំងអស់នូវគ្រប់ចំណេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។ រីឯពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះអង្គមានព្រះគោរមនាមចៅពញារាជមេត្រី ដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា ទំនុកបំរុងផ្គត់ផ្គង់ វត្ដអារាមទាំងប្រាំ និងព្រះចេតីយ៍ ដែលតំកល់ទុកព្រះឧណ្ណាលោម។ ដោយសារព្រះអង្គបានទទួលទឹក អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមានអាយុវែងយឺនយូរណាស់។ ព្រះអង្គសោយរាជ្យបាន ១៩០ឆ្នាំ ហើយសុគតក្នុង ព្រះជន្ម២០៥វស្សា។ ៣ - ម៉្យាងវិញទៀត តាមរយៈពង្សាវតារសម្ដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែលព្រះមហាក្សត្រចូលទិវង្គត នាម៉ឺនមុខមន្រ្ដីតូចធំនាំគ្នាទៅសុំយាងស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំគាល់ឃើញមានទេ ក្នុងរាជ្យក្សត្រអង្គមុនៗ ដូច្នេះយើងអាចចោតសួរថា តើនេះជារបៀបរបបជ្រើសរើសព្រះមហាក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយគ្រាន់តែជាការបន្ថែមបញ្ចូលថ្មីរបស់អ្នកនិពន្ធ អោយស្របទៅតាមការវិវត្ដិរបស់សង្គមជាតិ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
#ប្រវត្តិសាស្រ្ត
0 comment