ព្រះរាជជីវប្រវត្តិសង្ខេបរបស់អធិរាជខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ មហាវីរៈក្សត្រខ្មែរល្បីល្បាញជាងគេបំផុត


ព្រះ​បាទ​ជ័យវរ្ម័នទី៧ (Javarman VII) ​មាន​ព្រះ​រាជមហេសី​ ២ព្រះអង្គ ​គឺ​ព្រះ​នាង​ជ័យរាជទេវី និង ​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរព្រះ​​អង្គ គឺជា​បង​ប្អូន​បង្កើត។​ ​ព្រះ​នាង​ជ័យរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជ័យរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​រៀបអភិសេក​ជា​អគ្គមហេសីបន្ត។
ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក

ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ជាអតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មនទី៧ ព្រះ​មហា​វីរៈក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុនែ្តអ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បានលើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរទុក​ជាចំណេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ ដូច​ត​ទៅ​នេះ៖

«ជា​ព្រះ​រាជា​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​ព្រះ​រាជា​ទាំង​ពួង នៃ​ដែន​ដី​ដែល​នៅ​ដៃ​មាន​កាន់​យ៉ាង​ណែន មនុស្ស​គោរព​សក្ការៈ។ ព្រះ​អង្គ​ជា​គតិបណ្ឌិត​ដ៏​ឆ្នើម​ក្នុង​ចំណោម​គតិបណ្ឌិត​ផង​ទាំង​ឡាយ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​រាជា ​ព្រះ​បាទ​ស្រុតវរ័្មន និង​ព្រះ​បាទ​ស្រីស្រេស្ថវរ្ម័ន ជា​មនុស្ស​ល្អ​ប្រពៃ តាម​រយៈ​ព្រះ​សម្មិទ្ធិ​ដ៏​រុង​រឿង​ថ្កើង​ថ្កាន ជា​ប្រភព​នៃ​វង្ស​ក្សត្រ​ដ៏​បរិសុទ្ធ » (គាថា​ទី ៦) ។

«ព្រះ​អង្គ​ជា​ព្រះ​អាទិត្យ​នៅ​លើ​មេឃា ដែល​ជា​វង្ស​ត្រកូល​កម្ពុជា​ ដែល​បាន​ប្រសូត​ឡើង​នៅ​លើ​ភ្នំ​ខាង​កើត​នៃ​ជយាទិត្យបុរៈ។ ព្រះ​អង្គ​បាន​ដាស់​បេះដូង​ផ្កា​ឈូក​នៃសព្វ​សត្វ​លោក​ ជា​ឃ្លាំង​នៃ​ភាព​ត្រចេះ​ត្រចង់ ជា​អធិរាជ​នៃ​ស្រេស្ថបុរៈ » (គាថា​ទី ៧)។

«ប្រសូត​ឡើង​ក្នុង​មហា​នគរ​នៃ​គ្រួសារ​ខាង​ព្រះ​មាតា​ ដែល​ព្រះ​ចន្ទ​ចែង​ចាំង​នូវ​កាំ​រស្មី​ព្រះ​កិត្តនាម​ល្អ​ប្រពៃ​ឥត​ខ្ចោះ ភ្លឺ​ថ្លា​ដូច​ព្រះ​នាង​លក្ស្មី​ ​ព្រះ​នាង​បាន​នាំ​មុខ​កំពូល​ស្រ្តី​ទាំង​ឡាយ (គឺ​ព្រះ​រាជិនី) កម្ពុជរាជលក្ស្មី » (គាថា​ទី ៨)។

«ស្វាមី​នៃ​ដែន​ដី​ឯ​ភវបុរៈ ព្រះ​បាទ​ភវរ្ម័នទេវៈ ប្រកប​ដោយ​សម្រស់​ដ៏​ភ្លឺ​ថ្លា ដែល​នាំ​មក​នូវ​មន្ត​សេ្នហ៍​ចំពោះ​ព្រះ​រាជនគរ​របស់​ទ្រង់ ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​ ជា​ប្រភព​កំណើត​នៃរាជវង្សានុវង្ស ដូច​អ្នក​ដែល​បាន​ប្រកប​ដោយ​កាំ​រស្មី​អមតៈ។ ព្រះ​អង្គ​បាន​សម្រាល​នូវ​ភាព​ឈឺ​ចុក​ចាប់​របស់​ប្រជានុរាស្រ្ត​របស់​ទ្រង់ » (គាថា​ទី ៩)។

«អ្នក​ដែល​មាន​អាកប្បកិរិយា​ល្អ ភាព​ល្បីល្បាញ វីរភាព ដែល​គេ​មិន​អាច​ស្តី​បន្ទោស​អ្វីៗទាំង​អស់​បាន​ឡើយ។ ហើយ​ទ្រង់​បាន​ប្រសូត​ក្នុង​ត្រកូល​របស់​អ្នក​នោះ ព្រម​ទាំង​បាន​បង្កើត​នូវ​កិច្ចការ​សម្រាប់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ព្រះ​បាទ​ស្រី​ហស៌‌វរ្ម័ន ជា​អ្នក​បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សត្រូវ​ក្នុង​ចម្បាំង ហើយ​មាន​ព្រះ​រាជសកម្មភាព​ដ៏​ថៃ្ល​ថ្លា​ ដែល​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​វាចា​គ្រប់​ទិស​ទី » (គាថា​ទី ១០)។

«តាម​រយៈ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជមហេសី​នេះ ព្រះ​នាង​ស្រី​ជ័យរាជចូឌាមនី បាន​មាន​កំណើត​ឡើង» … «ប្រៀប​ទៅ​នឹង​ធាត្រី​ដែល​បង្កើត​ឡើង​ដោយ​ភាព​រឹង​ប៉ឹង ដូច​កមលា ដោយ​សោភ័ណភាព​ ដូច​​អរុណោទ័យ ដោយ​អាកប្បកិរិយា​ដែល​មិន​អាច​ស្តី​បន្ទោស​បាន​ឡើយ ដូច​បៃត្រី​ដែល​បាន​ចាប់​កំណើត​ដោយ​សប្បុរសធម៌‌ » (គាថា​ទី ១១-១២)។

« បាន​សោយ​រាជសម្បត្តិ នៅ​ឯ​ស្រី​មន្ត​យសោធរបុរៈ ព្រះ​មហាក្សត្រ​ជយវរ្ម័នទេវៈ ក្រោយ​ពី​ផ្ទាញ់​រលក​នៃ​ពួក​សត្រូវ ព្រះ​អង្គ​បាន​បោះ​បង្គោល​រហូត​ដល់​សមុទ្រ បង្គោល​នៃ ជ័យ​ជម្នះគ្រប់​ទិស​ទី ព្រះ​អង្គនិង​បុព្វការីជន​ប្រថាប់​នៅ​ឯ​មហិធរបុរៈ » (គាថាទី ១៣) ។

« ព្រះ​រាជបុត្រី​របស់​ព្រះ​បាទ​ស្រីហស៌‌វរ្ម័ន បាន​ឲ្យ​កំណើត​ទៅ​មហាបុរស​មួយ​រូប គឺ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ប្រកប​ដោយ​ថាមពល​ចែង​ចាំង​ដូច​ភ្លើង​ក្រហម​ឆ្អៅ បៀ្រប​ដូច​ទៅ​នឹង​ព្រះ​នាង​អទិតិ ដែល​បាន​ធ្វើ​ឲ្យ​ព្រាហ៌្មសី​ក្លាយ​ទៅ​ជា​សេ្តច​នៃ​ពពួក​ទេវតា ដែល​ដោយ​សារ​ការ​ប្រណិប័តន៍​ដ៏​ល្អប្រពៃ​ដើម្បី​ការ​ការ​ពារ​ដែនដី បាន​សម្លាប់​ពួក​មេ​ទ័ព​បច្ចាមិត្ត » (គាថា​ទី ១៨)។

រួម​សេចក្តី​មកគ្មាន​អ្វី​សង្ស័យ​ឡើយ ព្រះ​បាទ​ជយវរ្ម័នទី៧ ពិត​ជា​វង្ស​មហាក្សត្រា​ខែ្មរ​យ៉ាង​ពិត​ប្រាកដ​ ដែល​បាន​ត​ពូជ​ពង្ស​ពី​ព្រះ​មហា​វីរក្សត្រ​នា​សម័យ​នគរ​ភ្នំ និង​ចេនឡា ដ៏​មានមហិទ្ធិប្ញទិ្ធ​គួរ​ឲ្យ​ស្ញប់​សែ្ញង ហើយ​ព្រះ​អង្គ​ក៏​ជា​មហា​បុរស​រដ្ឋ ​ដែល​បាន​ការ​ពារ​ដែន​ដី​ខែ្ម​រយើង ដោយ​មាន​ការ​លះ​បង់​ខ្ពស់រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ។
ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ

មិន​ត្រឹម​តែ​ក​សាង​នូវ​មន្ទីរ​ពេទ្យ​និង​ធម្មសាលា ប្រាសាទ​ច្រើន​រាប់​មិន​អស់​ទេ ក្នុង​រជ្ជកាល​ព្រះអង្គ ព្រះ​បាទ​ជយវរ្ម័នទី៧។ ទ្រង់បាន​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាណាចក្រ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យ​សិលាចារឹកសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ខែ្មរ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងកាល​ពី​ពេល​ថ្មីៗនេះ​ថា ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​មហា​វីរក្សត្រ​អង្គ​នេះ​បាន​ទ្រង់​ក​សាង​ផ្លូវ​គមនាគមន៍​​សំខាន់ៗ ចំនួន ៥ ខែ្ស។ ខែ្ស​ទី១ ផ្លូវ​ខាង​លិច​ ចាប់​ពី​យសោធបុរៈ​កាត់​ភ្នំ​ស្រុកតម្រង់ទៅ​ស្តុក​កក់​ធំ និង​បន្ទាយ​ឆ្មារ។ ខែ្ស​ទី២ ផ្លូវ​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ពី​យសោធបុរៈ​ទៅ​ប្រសាទ​ពិមាយ។ ខែ្ស​ទី៣ ផែ្នក​ខាង​ជើង (មិន​ដឹង​ច្បាស់) គេ​រៀប​រាប់​បែប​ជា​ផ្លូវ​វង់​មួយ គឺ​ចេញ​ពី​រាជធានីទៅ​កាន់​ទី​ក្រុង​ជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជ័យរាជគិរី ស្រីសុវីរបុរី មក​ដល់​យសោធបុរៈ​វិញ។ ចំណែក​ខែ្ស​ទី៤ ផ្លូវ​ឦសាន​ ពី​រាជធានី​យសោធបុរៈ​ទៅ​កាន់​រាជធានី​របស់​ចាម និង​ទី៥ ផ្លូវ​ខាង​កើត ពី​យសោធបុរៈ ទំនង​ជា​តម្រង់​ទៅ​សម្បូរ​ព្រៃ​គុក ដែល​គេ​អាច​ឃើញ​ដាន​នៃ​សំណង់​ស្ពាន​បុរាណ​ជា​ច្រើន តាម​ដង​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ស្ពាន​បុរាណ​នៅ​កំពង់​ក្តី​រហូត​ដល់​ដំ​ដែក។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ក​សាង​ផ្លូវ​គមនាគមន៍​ចំនួន៥ ខែ្ស​នេះ នៅ​តាម​ផ្លូវ​ព្រះអង្គ បាន​ក​សាង​ធម្មសាលា និង​ភ្លើង​បំភ្លឺ​ចំនួន ១២១កនែ្លង សម្រាប់​ជា​ជម្រក​សាធារណៈ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ។ លោក​បន្ត​ថា ក្នុង​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ផ្លូវ​ពាយ័ព្យ មាន​ធម្មសាលា​ចំនួន ១៧ ផ្លូវ​ខាង​ជើង មាន​ធម្មសាលា​ចំនួន ១៤ និង មាន​ភ្លើង​ផ្លូវ​ឦសាន មាន​ធម្មសាលា​ចំនួន ៥៧ រួម​ទាំង​ភ្លើង​និង​១នៅ​សូរ្យបវិត​ គី​ភ្នំជីសូរ១ នៅ​វិជយាទិត្យ​និង ១ នៅ​កល្យានសិទ្ធកៈ ទំនង​ជា​ត្រូវ​នឹង​ស្រុក​រំដួល ខេត្តស្វាយរៀង ។ បនែ្ថម​ពី​នោះ ធម្មសាលា​សល់​ចំនួន ៣០ ដោយ​សារ​មិន​មាន​អត្ថបទ​សិលា​ចារឹក ធម្មសាលា​ដែល​នៅ​សល់ ទំនង​ជា​សង់​តាម​ផ្លូវ​ខាង​លិច និង​ខាង​កើត តាម​កឆរ​បញ្ជាក់​របស់​លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះព្រះ​អង្គ​បាន​ក​សាង​មន្ទីរពេទ្យ ដែល​ភាសា​ជំនាន់​នោះ​ហៅ​ថា អារោគ្យសាលា មាន​ចំនួន ១០២ កនែ្លង ប្រកប​​ដោយ​គឿ្រង​តង្វាយ​ដ៏​ច្រើន​អនេក សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​សកម្មភាព​នៅ​តាម​មន្ទីរ​ព្យាបាល​នីមួយៗ ពេទ្យ​ជំនាញ ពេទ្យ​ជំនួយ អ្នក​បុក​ថ្នាំ អ្នក​ដាំ​ទឹក អ្នក​បម្រើ​ការ​ផេ្សងៗ ដែល​សរុប​មាន​ប្រមាណ ៩០ នាក់ សម្រាប់​មន្ទីរ​ពេទ្យ​នីមួយៗ។ លោក​សាស្រ្តាចារ្យ វង់ សុវធារ៉ា បាន​បន្ត​ដោយ​គូស​បញ្ជាក់​ថា « អ្នក​ជំងឺ​គ្រប់​ឋានៈ​សង្គម អាច​ទទួល​ការ​ព្យាបាល​ ដោយ​គ្មាន​ការ​រើស​អើង » (សិលាចារឹក​សាយ​ហ្វុង លេខ K ៣៦៨)។ លោក​បនែ្ថម​ថា ដោយ​សារ​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​នេះ ហើយ​ដែល​រហូត​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សង្ស័យ​ថា ព្រះ​អង្គ​កើត​ឃ្លង់​ ដោយ​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ គ្រាន់​តែ​ពឹង​ផែ្អក​លើ​ការ​បក​ស្រាយ​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​រឿង​ព្រេង​និទាន​សេ្តច​គម្លង់ ដែល​គេ​ប្រឌិត​ឡើង នៅ​ពេល​ក្រោយ​ប៉ុណ្ណោះទេ។

អំពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ព្រះរាជវង្ស)

ព្រះ​បាទ​ជ័យវរ្ម័នទី៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​អង្គរ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បាន​សិក្សា​ពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​សន្និដ្ឋាន​ថា ជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​បំផុតនៃ​ប្រទេសកម្ពុជា។ ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ សាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយ ដែល​ប្រទះ​ឃើញ​ដោយ​លោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅ​ត្រង់​សាយ​ហ្វុង (Say Fong) ជិត​ក្រុង​វៀង​ចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅ គ.ស ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បាន​កត់​សម្គាល់ថា សិលា​ចារឹក​នេះ​មាន​ន័យ​ដូច​សិលា​ចារឹក នៅ​សសរ​ស្តម្ភ ដែល​គេ​បាន​រក​ឃើញ​នៅ​ឈូង​សមុទ្រ​សៀម ជិត​ព្រំ​ដែន​កូសាំងស៊ីន (កម្ពុជា​ក្រោម) ហើយ​ព្រះ​នាម ព្រះ​បាទ​ជ័យវរ្ម័នទី៧ ត្រូវ​បាន​រំឭកជា​ញឹក​ញាប់ នៅ​ក្នុង​សិលា​ចារឹក​ចាម​ថា ជា​អ្នក​ចម្បាំង​មួយ​យ៉ាង​ធំធេង និងអស្ចារ្យ។ លោក​បាន​សន្និដ្ឋាន​ថា « សិលា​ចារឹក​ដែល​មាន​ចាប់​ពី​ប្រទេស​លាវ​ខាង​ក្រោម ទៅ​ឆេ្នរ​សមុទ្រ​អណ្ណាមនិង​ទៅ​ទឹក​ដី​កូសាំងស៊ីន​ខាង​ក្រោម​ខ្លះ បាន​រៀប​រាប់​ពី​ជោគ​ជ័យ​របស់​ព្រះ​អង្គ ខ្លះ​ទៀត​អំពី​អំពើ​ល្អ​របស់​ព្រះ​អង្គ។ ទាំង​នេះ​បាន​បំភ្លឺ​ពី​រូបភាព​នៃ​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ពី​ក្នុង​ភាព​ងងឹត​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា » ។ភាព​ងងឹត​ក៏​បាន​រសាយ​ដោយ​ សារ​ការ​អត់​ធ្មត់​ក្នុង​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល ៤០ឆ្នាំ របស់​លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះ​នាម​របស់​សេ្តច​អង្គ​នេះ គេ​ទើប​នឹង​បាន​ស្គាល់​នៅ គ.ស. ១៩០០ ពេល​គេ​បង្កើត សាលា​បារាំង​ចុង​បូព៌ា។ ឥឡូវ​នេះ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​ ក្នុងចំណោម​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​ផេ្សង​ទៀត​នៃ​ប្រទេសកម្ពុជា។ ព្រះ​អង្គ​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​បំផុតគិត​ទាំង​ប្រទេស​ចម្ប៉ា​ផង និង​ក​សាង​ប្រាសាទ​ជា​ច្រើន​ពាស​ពេញ​ប្រទេស។ សិលា​ចារឹក​ជា​ច្រើន ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​មាន​សិលា​ចារឹក​បីគឺ​ សិលាចារឹក​តាព្រហ្ម ព្រះ​ខ័ន និង​ បន្ទាយ​ឆ្មារ ដែល​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌‌ា (Bulletin de L’École française d’Extrême-Orient) បាន​បោះ​ពុម្ព​ផ្សាយ។ បទ​បញ្ញត្តិ​នៃ​មន្ទីរ​ពេទ្យ​ ក្នុង​សិលា​ចារឹក​នៅ​ផែ្នក​ខាង​ក្រោម មក​ពី​ប្រាសាទ​ភិមាន​អាកាស ដែល​គេ​បាន​ប្រទះ​ឃើញ នៅ​ គ.ស. ១៩១៦ ក្នុង​ព្រះ​បរម​រាជវាំង​អង្គរ​ធំ និង​សិលា​ចារឹក​ចាម​មួយ​នៅ​មីសឺន (Mỹ-Sơn) គឺ​លោក ល្វី ហ្វ៊ីណូត៍ បាន​បោះ​ពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង។ ព្រះ​បាទជ័យវរ្ម័នទី៧ ខ្លាំង​ពូកែ​ដូច​ព្រះ​មហា​ក្សត្រ​បារាំងសែសព្រះ​នាម ល្វីទី៧ (Louis VII) និង ហ្វ៊ីលីព្ព ​អូហ្គុស្ត (Philippe Auguste) ដែល​រជ្ជកាល​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​សម័យ​ជាមួយ​គ្នា។

ព្រះ​រាជពង្សាវតារ​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​លាស់។ ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ សោយ​រាជ្យ​រយៈ​ពេល​យ៉ាង​ខ្លី​ក្នុង​រវាង គ.ស. ១១៥៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែល​ទ្រង់​បាន​ធ្វើ​សង្រ្គាម​រហូត​ដល់​តុងកឹង និង​ក​សាង​ប្រាសាទអង្គរវត្ត ជា​ប្រាសាទ​ចេតិយ​របស់​ព្រះ​អង្គ។ ព្រះ​វរ​រាជ​មាតា​របស់​ព្រះ​អង្គ ជាប់​សាលោហិត​ទៅ​នឹង​ព្រះ​សន្តតិវង្ស​ពី​បរទេស ដែល​គ្រប់​គ្រង​ប្រទេស​ជិត​ពេញស.វ.ទី១១ និង​ព្រះ​រាជិនី​កម្ពុជា​សម័យ​បុរេអង្គរ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័ន​ប្រសូត​​នៅ​រវាង គ.ស. ១១២០ ឬ​យ៉ាង​យូរ​ណាស់ គ.ស. ១១២៥ ក្នុង​រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយ​ព្រះ​អង្គ​បាន​រៀប​អភិសេកពី​កេ្មង​បន្តិច ជាមួយ​ក្សត្រី​ជ័យរាជទេវី ដែល​ព្រះ​នាង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។

ក្រោយ​មក ព្រះ​អង្គ​ត្រូវ​បញ្ជា​ឲ្យ​លើក​ទ័ព ទៅ​វាយ​ប្រទេស​ចាម្ប៉ា​នៅ​តំបន់​វិជ័យ (បច្ចុប្បន្ន​ខេត្ត​ប៊ិញ​ឌិញ ប្រទេសវៀតណាម)។ អវត្តមាន​នៃ​ព្រះ​ស្វាមី​បាន​ធ្វើ​ឲ្យព្រះ​នាង​ជយរាជទេវី​ធ្លាក់​ព្រះ​កាយ​ទៅ​ក្នុង​អន្លង់​ទុក្ខសោក ដែល​សិលា​ចារឹក​នៃ ព្រះបរមរាជវាំង​ សរសេរ​ដោយ​ព្រះនាងឥន្រ្ទទេវី ត្រូវ​ជា​បង​បង្កើត​របស់​ព្រះនាង។ សិលា​ចារឹក​បាន​រៀប​រាប់​ថា ព្រះ​នាង​ស្ថិត​នៅ​អន្លង់​ជ្រោះ​ទឹក​ភែ្នក ទួញ​សោកប្រៀប​ដូច​នាង​សិតា​ព្រាត់​ប្រាស​ពី​ព្រះ​ស្វាមី ព្រះ​នាង​សុំ​បន់​ស្រន់​សូម​ឲ្យ​ព្រះ​ស្វាមី​វិល​វិញ មធ្យោបាយ​បំភេ្លច​ទុក្ខ​សោក​ដ៏​មហិមា​នេះ ព្រះ​នាង​បាន​បួស​ជា​បស្វី​ក្នុង​ព្រាហ្មណ៍សាសនា និង ក្រោយ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា ។

ព្រះនាងឥន្ទ្រទេវី និង ព្រះនាងជ័យរាជទេវី ព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧
សិលា​ចារឹក​បាន​សរសេរ​ថា « ទទួល​ការ​សិក្សា​អប់​រំ​ពី​បង​ស្រី​បង្កើត ព្រះ​នាង​គិត​ថា ព្រះ​ពុទ្ធសាសនា​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ព្រះ​នាង​ប្រកាន់​យក​មាគា៌របស់​ព្រះពុទ្ធសាសនា ដែល​ជា​មាគ៌‌​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ឆ្លង​កាត់​ភ្លើង​ទុក្ខនិង​សមុទ្រ​នៃ​សេចក្តី​ឈឺ​ចាប់ »។ នៅ​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ គង់​នៅ​ប្រទេស​ចាម្ប៉ា ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បាទ​ធរណិន្រ្ទវរ្ម័ន​ទី២ ទ្រង់​ចូល​ទិវង្គត ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ស្នង​រាជ្យ​បន្ត​ព្រះ​នាម យសោវរ្ម័នទី២ ដែល​គេ​មិន​ស្គាល់​ពី​ជីវប្រវត្តិ។ ក្នុង​រជ្ជកាល​របស់​ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ព្រឹតិការណ៍​សោក​សៅ​មួយដែល​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក និង​រូប​ចម្លាក់​នៅ​ប្រាសាទបន្ទាយឆ្មារ។ សិលា​ចារឹកនិង​រូប​ចម្លាក់​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះបាទយសោវរ្ម័នទី២ ត្រូវ​រាហុ​វាយ​លុក​ដូច​ពេល​មុន សូរ្យគ្រាសឬ​ចន្រ្ទគ្រាស តែ​បានយុវក្សត្រ​មួយ​អង្គជួយ​សង្រ្គោះ ទំនង​ជា​ព្រះ​រាជ​បុត្រ​ណា​មួយ​របស់​អនាគតព្រះ​បាទ​ជ័យវរ្ម័ន ទី៧ ។

សិលា​ចារឹក​សរសេរ​ថា « នៅ​ពេល​ដែល​ភរតរាហុ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​បាទ​យសោវរ្ម័ន ដើម្បី​វាយ​លុកដណើ្តម​ព្រះ​រាជវាំង កង​ទ័ព​ការ​ពារ​ទី​ក្រុង​ បាន​បាក់​ទ័ព​រត់​អស់… ព្រះ​អង្គ​ម្ចាស់​ចូល​ប្រយុទ្ធ។ ទាហាន​ពីរ​នាក់ បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ទទួល​ជ័យ​ជម្នះលើ​ភរតរាហុ » ។ ប៉ុនែ្ត ព្រះបាទយសោវរ្ម័នទី២ បាន​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដណ្តើម​រាជ្យ​ ដោយ​យក​នាម​ថា ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​ប្រញាប់​ប្រញាល់​យាង​ត្រឡប់​មក​ពី​ចាម្ប៉ា ដើម្បី​ជួយ សង្គ្រោះ​ព្រះបាទយសោវរ្ម័នទី២។ សិលា​ចារឹក​បាន​បន្ត​ទៀត​ថា « ប៉ុនែ្តព្រះ​បាទ​យសោវរ្ម័នទី២ ត្រូវ​អ្នក​ជ្រែក​រាជ្យ​ធ្វើ​គុត ហើយ​ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​គង់​នៅ​ប្រទេសកម្ពុជា ដើម្បី​រង់​ចាំពេល​វេលា​ល្អ​នឹង​ស្រោច​ស្រង់​ស្ថានការណ៍វិញ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី ដែល​​កៀ្រម​ក្រំ​ដោយ​ទុក្ខពីព្រោះ​ព្រះ​ស្វាមី​អវត្តមាន ក៏​រលាយ​ពី​សេចក្តី​ទុក្ខ​ព្រួយ​វិញ ដោយ​ព្រះ​នាង​ចង់​ឃើញ​ព្រះ​អង្គ​រំដោះ​ប្រទេស​ពី​មហាសមុទ្រ​ទុក្ខ​ដែល​បាន​លិច​លង់នេះ »។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ដែល​បាន​យាង​ត្រឡប់​មក​ដល់​ប្រទេស​យឺត​ពេល និង​បាន​ឃើញ​អ្នក​ជ្រែក​រាជ្យ​នៅ​លើ​រាជបល្ល័ង្ក ព្រះ​អង្គ​ក៏​មិន​ទ្រង់​យាង​ត្រឡប់​ទៅ​ចាម្ប៉ា​វិញ​ឡើយ និង​ដោយ​សារ​មាន​ការ​ជួយផ្តល់យោបល់​ពី​មហេសី​ផង ព្រះ​អង្គ​ក៏​គង់​នៅ​ កម្ពុជា « រង់​ចាំ​ពេល​វេលា​ល្អ​សម​ស្រប »។ ព្រះ​អង្គ​ត្រូវ​រង់​ចាំអស់​រយៈ​ពេល ១៥ឆ្នាំ។ ក្នុង​​ពេល​ជាមួយ​គ្នា​ ដែល​នៅ​កម្ពុជា​មាន​ការ​ជ្រែក​រាជ្យ នៅ​ប្រទេស​ចាម្ប៉ា​ក៏​មាន​ការ​ជ្រែក​រាជ្យ​ដែរ នៅគ.ស. ១១៦៦-១១៦៧ ព្រះ​នាម​ជ័យ​ឥន្រ្ទវរ្ម័ន។ សេ្តច​អង្គ​នេះបាន​លើក​សួយ​សារ​អាករ​ទៅ ថ្វាយ​សេ្តច​អាណ្ណាម ព្រះ​នាមលី អាញ់តុន នៅគ.ស. ១១៧០ ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​អព្យាក្រឹត ។

ក្នុង​​ពេល​​នេះ ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ចម្ប៉ា ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម ហើយ​សេ្តច​ជ្រែក​រាជ្យ​ចាម ក៏​លើក​ទ័ព​វាយ​លុក​ប្រទេស​កម្ពុជា។ សិលា​ចារឹក​ភិមាន​អាកាស​សរសេរ​ទៀត​ថា « ព្រះ​បាទ​ជ័យ​ឥន្រ្ទវរ្ម័ន (សេ្តច​ចាម) ឥត​កោត​ខ្លាច​ដូច​ក្រុង​រាពណ៍នៅ​លើ​រថកាន់​អាវុធ​វាយ​ប្រយុទ្ធ​ប្រទេសកម្ពុជា »។ ប៉ុនែ្ត ការ​វាយ​លុក​នេះ​ពុំ​បាន​ទទួល​ជោគ​ជ័យ​ទេ។ សេ្តច​ចាម​នាម​ជ័យឥន្រ្ទវរ្ម័ន បាន​ដូរ​យុទ្ធវិធី​ពី​វាយ​តាម​ជើង​គោក ទៅ​វាយ​តាម​ជើង​ទឹក​វិញ។ នៅគ.ស. ១១៧៧ សេ្តច​ចាម​អង្គ​នេះបាន​លើក​ទ័ព​ជើង​ទឹក​ចូល​វាយ​ខែ្មរ ដោយ​មាន​ចិន​លិច​សំពៅ​ម្នាក់ជួយ​នាំ​ផ្លូវ។ ទ័ព​នោះ​បាន​ចូល​តាម​ទនេ្លមេគង្គ ហើយ​ឡើង​រហូត​ដល់​បឹងទនេ្លសាប។ ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ចាម ហើយ​សេ្តច​ជ្រែក​រាជ្យ​ត្រីភូវនាទិត្យវរ្ម័ន ក៏​ត្រូវ​ធ្វើ​គត់​ក្នុង​សមរភូមិ។ កង​ទ័ព​ចាម​ក៏​ចូល​កាន់​កាប់​ទី​ក្រុង ហើយ​បំផ្លិច​បំផ្លាញនិង​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​អស់​ពី​ទី​ក្រុង។ ព្រះ​រាជបល្ល័ង្ក​ត្រូវ​នៅ​ទំនេរ គ្មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ឈេ្វង​យល់​ថា នេះពេល​វេលា​ល្អ​បាន​មក​ដល់​ហើយ ប៉ុនែ្តមុន​នឹង​ប្រកាស​ជា​សេ្តច​សោយ​រាជ្យ ព្រះ​អង្គ​ត្រូវ​រំដោះ​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​បរទេសសិន។ ព្រះ​អង្គ​ក៏​បាន​លើក​ទ័ព​ដេញ​កម្ចាត់​ពួក​ចាម​តាម​ជើង​ទឹក ដូច​ដែល​មាន​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ហើយ​បាន​រំដោះ​ប្រទេស​ទាំង​មូល។ បួន​ឆ្នាំ​ក្រោយ​ការ​ឈ្លាន​ពាន​របស់​ចាម​នៅ​គ.ស. ១១៧៧ នៅ គ.ស. ១១៨១ ប្រទេស​កម្ពុជា​បាន​សុខ​សន្តិភាព ហើយ​ព្រះ​អង្គ​ព្រះ​បាទជ័យវរ្ម័នទី៧ ក៏​ប្រកាស​ឡើង​គ្រង​រាជ្យសម្បត្តិ។ នៅ​ក្នុង​ពេល​ជាមួយ​នោះ ព្រះ​អង្គ​បានក​សាង​រាជធានី​ឡើង​វិញ។ « ទី​ក្រុង​យសោធបុរៈ ដូច​ជា​ស្រី​ក្រមុំ​ម្នាក់​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ បាន​ផ្សំ​ផ្គុំ​ជាមួយ គូ​ដណ្តឹង​របស់​ខ្លួន​ក្នុង​តណ្ហា ដែល​ពុះ​កញ្ជ្រោល​លម្អ​ទៅ​ដោយ​រាជវាំង​អំពី​ត្បូង​មាន​តម្លៃ និង​គ្រប​ដណ្តប់​ទៅដោយ​កំផែងដ៏រាំងមាំគឺ ក្រុងអង្គរ។ គូ​ស្វាមី​ភរិយា​នេះ បាន​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​ព្រះ​រាជា​ ដើម្បី​បង្កើត​សុភមង្គល​នៃ​សត្វ​លោក​ ក្រោម​ជ័យ​ជម្នះដ៏​ធំ​ធេង ដែល​ព្រះ​អង្គ​ដណ្តើម​យក​បាន » ។ សិលា​ចារឹក​មួយ​នៅ​ជ្រុង​កំពែង អង្គរធំ បាន​សរសេរ​ថា រាជបុរី​ដែល​ព្រះ​រាជា​រៀប​ពិធី​អភិសេក​នោះ គ្មាន​អ្វី​ក្រៅ​ពី​ទី​ក្រុង​អង្គរ​ធំ​ទេ ពុំ​មែន​ប្រាសាទ​បាខែង​នៅ​ចុង ស.វ.ទី៩ ឡើយ។ តែ​ជា​ទី​ក្រុង​បច្ចុប្បន្ន​ ដែល​មជ្ឈមណ្ឌល​ជា​ប្រាសាទបាយ័ន។ ក្នុង​ពេល​ដែល​ចាម​ចូល​លុក​លុយ​ប្រទេស​នា​គ.ស. ១១៧៧ តាម​អ្នក​ប្រវត្តិសាស្រ​ចិនឈ្មោះ ម៉ា ទួន​លិន ថាព្រះបាទ​ជ័យវរ្ម័នទី៧ « បាន​សច្ចា​ថានឹង​សង​សឹក​សត្រូវ​របស់​ព្រះ​អង្គ ហើយ​កិច្ចការ​នេះ អត់​ទ្រាំ​ដោយ​ស្ងាត់​កំបាំង​រយៈ​ពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុន​នឹង​សម្រេច​សេចក្តី​សច្ចា​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​សង្រ្គាម​នឹង​ចាម​នៅ​ក្នុង​ប្រទេស ព្រះ​អង្គ​ត្រូវ​បង្រ្កាបការ​បះ​បោរ​នៅ​ផែ្នក​ខាង​ត្បូង​នៃ​ទឹក​ដី​បាត់ដំបង។ ដើម្បី​បង្រ្កាប​ការ​បះ​បោរ​នេះ ព្រះ​អង្គ​បាន​បញ្ជា ក្សត្រ​ចាម​មួយ​អង្គនាម វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​បង្រ្កាប​បាន​រាប​ទាប​ឡើង​វិញ។ គួរ​បញ្ជាក់​ថា ក្សត្រ​ចាម​នេះ​បាន​មក​រស់​នៅជាមួយព្រះអង្គ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​ បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គ នៅគ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​ប្រទេស​កម្ពុជា។ ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា (គឺ​ព្រះ​បាទ​ជ័យវរ្ម័នទី ៧ បាន​ឡើង​សោយ​រាជ្យ​ឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជហទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់នេះ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​គង់​នៅ​ប្រទេស​កម្ពុជា រាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើង ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់​ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មាន​តម្លៃ​ខ្ពស់ៗដល់​ទ្រង់​វិទ្យានន្ទន៍ » ។នៅ គ.ស. ១១៩០ ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ធ្វើ​ឲ្យ​ប្រទេស​ដាយ​វៀត (នៃ​មហារាជា លី​ កៅ​ទន់) នៅអព្យាក្រឹត ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាម ក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តច ចាម​ជ័យឥន្រ្ទវរ្ម័នទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវរ្ម័នទី៧ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ប៉ោ​នគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ានិង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យកបាន​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជ័យ​ឥន្រ្ទវរ្ម័ន​ទី៤ ជា​ឈ្លើយ មក​ថ្វាយ​ព្រះ​បាទ​ជយវរ្ម័នទី៧។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវរ្ម័នទី៧ ព្រះនាម អិន (អនុជ​ព្រះ​នាង​ជ័យរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជ័យ។ ដោយ​មាន​ព្រះ​បរមនាម​​ថា សូរ្យជ័យវម៌‌ទេវៈ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យក​បាណ្ឌុរង្គ (ផាន​​រ៉ាង) ហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះ ដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូរ្យវម៌‌ទេវៈ ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាម វិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជ័យ ក៏ងើបបះ​ឡើង ដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិន រត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ ព្រះ​នាម រសុបតិ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជ័យ​ឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូល ពីគ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជ័យវរ្ម័នទី៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញ តែ​ឥតប្រយោជន៍ទេ រហូត​ដល់ គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀត ព្រះ​នាមអុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពីគ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ការ​លូក​ដៃ​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ខាង​កើត ដែល​ជា​ប្រទេស​ជិត​ខាង ពុំ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​អង្គ ពង្រីក​ទឹក​ដី​ទៅ​ខាង​ជើង និង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ឡើយ គឺ​នៅ​ក្នុង​រជ្ជកាល​នេះ​ហើយ ដែល​សិលា​ចារឹក​សាយ​ហ្វុង (ជិត​ក្រុង​វៀងចន្ទន៍) បាន​បញ្ជាក់​ពី​កាលបរិចេ្ឆទ ហើយ​អ្នក​ប្រវត្តិសាស្រ្ត​ចិន បាន​និយាយ​ពី​អំណាច​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ភ្ជាប់​ទឹក​ដី​មួយ​ផែ្នក​នៃ​ឧបទ្វីប​មឡាយូ និង​វាត​អំណាច​រហូត​ដល់ប្រទេសភូមា។ ម្យ៉ាង​ទៀតសិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​ បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូរ្យភក្ត និង​ព្រហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យវនៈ និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា។ ព្រាហ្មណ៍​សូរ្យភក្ត​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុង ព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យវនៈ គឺ​ជា​អធិរាជ លី អាញ់​តុង (Lý Anh Tông) ដែល​សោយ​រាជ្យ​នៅ គ.ស. ១១៧៥ មាន​ព្រះ​បរមនាម​សម្រាប់​រាជ្យ​ថា លីកាវ​​តុង (Lý Cao Tông) និង​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា គឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បាណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់​វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវរ្ម័នទី៧។

គេ​បាន​ដឹង​ថា ការ​ថ្វាយ​ទឹក​មន្ត​មាន​ន័យ​ថា ទទួល​ស្គាល់​ការ​ស្ថិត​នៅ​ក្នុង​ចំណុះ​នៃ​ប្រទេស​ដែល​គេថ្វាយ​នោះ។ ទំនៀម​នេះ​ នៅ​មាន​រហូត​ដល់​សព្វ​ថៃ្ង​នេះ។ នៅ​ក្នុង​រាជវាំង​ក្រុង​ភ្នំពេញឬ​បាងកក នៅ​ពេល​ពិធី​អភិសេក​សេ្តច​ឡើង​សោយ​រាជ្យ ទឹក​មន្ត​សម្រាប់​ធ្វើ​ពិធី​ គឺ​ជា​ទឹក​ដែល​ទទួល​បាន​ពី​ទនេ្ល​សំខាន់ៗ​នៃ​ប្រទេស និង​ពី​ខេត្ត​ផេ្សងៗ នៃ​ព្រះ​រាជាណាចក្រ។ ការ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​កម្ពុជា​ នៃ​ប្រទេស​ចាម្ប៉ា​ទាំង​ពីរ មិន​យូរ​អងែ្វង​ដូច​នៅ​ក្រោម​អំណាច​របស់​ជ្វា អំណាច​របស់​មហារាជ​អណ្ណាម​ឡើយ។ ក្រោយ​ពី​ព្រះ​នាង​ជ័យរាជទេវី​សោយ​ព្រះ​ពិរាល័យ​ទៅ ព្រះ​បាទ​ជយវរ្ម័នទី៧ បាន​រៀប​រាជាភិសេក​ជាមួយ​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម​បង្កើត​របស់​ព្រះ​នាង​ជយទេវី។ ក្សត្រី​អង្គ​នេះ​ជា​ស្រ្តី​សម្បូរ​ទៅ​ដោយ​ចំណេះ​វិជ្ជាជាច្រើន។ ព្រះ​នាង​បាន​ទទួល​តំណែង​ជា​សាស្រ្តាចារ្យ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ ហើយ​បាន​ក​សាង​សិលា​ចារឹក​ភិមាន​អាកាស ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ព្រះ​ជីវប្រវត្តិ​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧។ គេ​មិន​ដឹង​ច្បាស់​ថា ព្រះ​បាទ​ជយវរ្ម័នទី៧ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​ណា​ទេ។ ព្រះ​អង្គ​ទំនង​ជា​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១៨។ ព្រះ​អង្គ​មាន​ព្រះ​មរេមនាម​ថា មហា​បរម​សៅគត។ ព្រះ​នាមនេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​ពុទ្ធសាសនិកជន​មួយ​រូប តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មួយ​រូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែល​ជា​សក្ខីភាព​ប្រាប់​ថា សាសនា​ព្រាហ្មណ៍​នៅ​ពេល​នោះ នៅ​មាន​ឥទ្ធិពល​ខ្លាំង​គួរ​សម​ដែរ។ តាម​រូប​បដិមា​ព្រះ​បាទ​ជយវរ្ម័នទី៧ មាន​សាច់​មាំ ព្រះ​កេស​មាន​ផ្នួង​សក់​តូច។ លក្ខណៈ​នេះ​មាន​ច្បាស់​នៅ លើ​ក្បាច់​ចម្លាក់​ជា​ច្រើន គេ​បាន​ឃើញ​រូប​បដិមា​ពីរ គឺ​មួយ​នៅ​អង្គរធំ និង​មួយ​ទៀត​នៅ​ប្រាសាទ ​ពិមាយ​ជិត​គោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែល​ថែ​រក្សា​នៅ​សារមន្ទីរ​ក្រុង​បាងកក។ រូប​បដិមា​ទាំង​ពីរ​នេះ គឺ​ជា​ព្រះ​រូបរបស់ ​ព្រះ​បាទ​ជយវរ្ម័ន ទី៧។

អំពី​កាលបរិចេ្ឆទ​នៃ​ការ​សោយទិវង្គត គេ​ពុំ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ គេ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អង្គមាន​ព្រះ​រោគ​អ្វី ដែល​​នាំ​ឲ្យ​ព្រះ​អង្គ​សោយ​ទិវង្គត? មាន​រូប​ចម្លាក់​ពីរ​នា​សម័យ​នោះ គឺ​រូប​ចម្លាក់ នៅ​ហោជាង​ប្រាសាទ​តូច ដែល​គេ​ហៅ​ថា មន្ទីរ​ពេទ្យ ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​តាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ក្បាច់​ចម្លាក់ ដើម្បី​សែ្វង​យល់​អំពី​រឿង « សេ្តចគម្លង់ » ប៉ុនែ្តពុំ​មាន​រូប​បដិមា​ណា ដែល​ត្រូវ​នឹង​រឿង​នេះ​ឡើយ។ ហើយ​លោក​បាន​ផ្តល់​អត្ថបទ​របស់​លោក​វេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជា​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុង​ព្រៃ​នគរ បាន​ប្រគល់​ឲ្យ​គាត់ នៅ គ.ស. ១៩៣៤ អំពី​អត្ថាធិប្បាយ​លើ​ក្បាច់​ចម្លាក់​នៃ​ប្រាសាទ​បាយ័ន​ដូច​ត​ទៅ ៖

« កំភួន​ដៃនិង​ដៃ​នៃ​អ្នក​ជំងឺ ជា​វត្ថុ​បំណង​នៃ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ស្រ្តី​ដែល​នៅ​ព័ទ្ធ​ជុំវិញ។ កាយវិការ​នៃ​ស្រ្តី​ម្នាក់ មាន​លក្ខណៈ​ដូច​ជា​ចាប់​កាន់​ត្រចៀក​ខាង​ស្តាំបើក​ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​បំផុត »។ « អវយវៈ​ក្រោម​ ទ្រ​ដោយ​វត្ថុ​មួយ​នៅ​ក្រោម​ជង្គង់ »។ « ស្រ្តី​ម្នាក់​លើក​ជើង​ស្តាំ​របស់​មនុស្ស​នោះ ដោយ​ដៃ​ឆេ្វង និង​ដៃ​ស្តាំ​ដូច​ជា​រឹត​ច្របាច់​គក់​ជើង​ឆេ្វង »។ « កាយវិការ​នៃ​ស្រ្តី​ទាំង​នេះ ដូច​ជា​ចង្អុល​បង្ហាញ​ថា មនុស្ស​នោះ​មាន​ជំងឺ​នៅ​ចុង​អវយវៈគឺ​ជំងឺ​ឃ្លង់?» ការ​កត់​ចំណាំ​សំខាន់​មួយ​ទៀត​នៅ​ជិត​ខ្លួន នៃ​មនុស្ស​នោះ​មាន​ថូ​មួយ ដែល​ដាក់​ផែ្ល​ឈើ​រាង​មូល​ពេញ។ ផែ្ល​ឈើ​នេះ​ប្រហែល​ជា​ផែ្ល​ក្របៅ (Chaulmoogra) ។ ដើម​ក្របៅ (Hydnocarpus anthelmintica) ជា​ដើម​ឈើ ដែល​ដុះ​ពាស​ពេញ​ព្រៃ៕

ប្រភព៖ មនោវិទ្យា

Foxvdo

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks (Indroduce) My Self -My name is Thol un.I come from Kompong cham Province -Now I am staying at Langka pagoda .I have graduated from Build Bright University -My Major is Information and Network Technology -I am Working at Khmer Plus Computer -I want to get experience From your Company and develop your Company to be More Successful forever Copyright©️All rights reserved by Fox VDO 2020

Previous Post Next Post